ប្រធានតេក្វាន់ដូ ITF តាមដានការហ្វឹកហាត់ជានិច្ច ខណៈការប្រកួតជើងឯកអាសុីខិតជិតដល់

នូ មករា May 2, 2018


ភ្នំពេញ៖ លោក កែវ រ៉េមី ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានចំណាយពេលដើម្បីពិនិត្យមើលការហ្វឹកហាត់របស់ក្រុមកីឡាករ-កីឡាការិនីទាំង២២រូបដែលត្រូវចេញទៅប្រកួតជើងឯកអាស៊ីនៅម៉ុងហ្គោលីមិនដែលខានឡើយ ។ សូមបញ្ជាក់ថា សម្រាប់តេក្វាន់ដូ ITF (International Taekwondo Federation) បង្ហាត់ដោយគ្រូបង្វឹកមកពីប្រទេសកូរ៉េខាងជើងគឺលោក Re Chol Nam ។
ចំពោះ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីលើកទី៩នៅទីក្រុង Ulaanbaator ប្រទេសម៉ុងហ្គោលីដែលមានប្រហែល ៤២ប្រទេសចូលរួម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ រហូតដល់១៤ ខែឧសភា ឆ្នាំ២០១៨។ កីឡាករ ប៉ាល់ ជីវ័ន្ត បាននិយាយថា លោក កែវ រ៉េមី ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះក្រុមកីឡាករកីឡាការិនី២២នាក់ដែលមមាញឹកក្នុងការហ្វឹកហាត់ និងបច្ចេកទេសត្រៀមប្រកួតដោយក្នុងនោះកម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីតេក្វាន់ដូចំនួន២២នាក់ និងគ្រូបង្វឹក គ្រូជំនួយ ព្រមទាំងប្រតិភូចំនួន៦នាក់ទៅចូលរួម។
 
លោក កៅ មករា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាតេក្វាន់ដូ TF កម្ពុជាបានឲ្យដឹងថាកម្ពុជាបានបញ្ជូនកីឡាករ- កីឡាការិនីតេក្វាន់ដូចំនួន២២នាក់ដោយក្នុងនោះមានកីឡាការិនី២នាក់ គឺកីឡាការិនីរស់ ស្រីនិច និង កីឡាការិនីលឹម ខេង។ លោកបានបន្តថា សម្រាប់ការប្រកួតវិញ្ញាសាសម្តែងពិសេសមាន៦វិញ្ញាសា តែកម្ពុជា បានបញ្ជូនតែ៥វិញ្ញាសាប៉ុណ្ណោះ ចំណែកវិញ្ញាសាប្រយុទ្ធវិញគេបែងចែកចេញជាប្រភេទអាយុ គឺអាយុ៣៩-៤៥ឆ្នាំ អាយុ១៦-១៧ឆ្នាំ អាយុ១៤-១៥ឆ្នាំ និងអាយុ១១-១៣ឆ្នាំ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់