ការប្រកួតកីឡាជាតិលើកទី២ឆ្នាំនេះ បង្កើនប្រាក់រង្វាន់ដល់ជ័យលាភីលើសលើកទីមួយ ៥ ដង

នូ មករា May 1, 2018


ភ្នំពេញ៖ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានបង្ហើបឲ្យដឹងថា សម្រាប់ការប្រកួតកីឡាជាតិលើកទី២ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា ដល់ទី៦ ខែមិថុនាខាងមុខនេះប្រាក់រង្វាន់សម្រាប់ជ័យលាភីនឹងកើនលើសលើកទី១ ដល់ទៅ៥ដង ។ សម្រាប់ការប្រកួតលើកទី២នេះក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបង្កើនប្រាក់រង្វាន់ច្រើនជាងមុនជាង ៥ដង ដោយក្នុងនោះអ្នកឈ្នះបានមេដាយមាសនឹងទទួលបាន ៨០ ម៉ឺនរៀល, មេដាយប្រាក់បាន ៦០ម៉ឺនរៀល និងមេដាយសំរឹទ្ធបាន ៤០ម៉ឺនរៀល ខណៈកាលពីកីឡាជាតិ លើកទី១ឆ្នាំ ២០១៦ មេដាយមាសបានត្រឹម ១៥ម៉ឺនរៀល, ប្រាក់បាន ១០ម៉ឺនរៀល និងសំរឹទ្ធបាន ៨ម៉ឺនរៀលតែប៉ុណ្ណោះ ។
 
លោកបានបន្ថែមថា លើកនេះមានកីឡាករ-កីឡាការិនីឆ្នើមដែលមកពី២៥រាជធានីខេត្តប្រមាណជាង៤០០០នាក់មកចូលរួម ហើយកីឡាដែលដាក់ឲ្យប្រកួតមានចំនួន២៧ប្រភេទគឺ៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយសី វាយកូនបាល់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ-(WTF) ហែលទឹក ល្បុក្កតោ កាយសម្ព័ន្ធ ប្រដាល់សកល សូរិនស្ស៊ិកាំប៉ូ តេក្វាន់ដូ (ITF) ការ៉ាតេ ប្រដាល់គុនខ្មែរ យូដូ ទ្រីយ៉ាត្លុង វ៉ូវីណាម បេស្បល ប្រណាំងទោចក្រយាន សីដក់ បាញ់កាំភ្លើង បាល់ឱប និង កីឡាសូហ្វតិន្នីស ។ ចំពោះកាលប្រកួតកីឡាជាតិ លើកទី១ មានអត្តពលិកចូលរួម ២.៧០០នាក់ហើយកីឡាដែលដាក់ឲ្យប្រកួតមាន១៥ប្រភេទ និង១៨៩វិញ្ញាសាដោយប្រើមន្រ្តីបច្ចេកទេសចំនួន៥៤៨នាក់ ។ 
 
ជាងនេះទៅទៀត ការប្រកួតកីឡាជាតិលើកទី២នេះអ្វីៗនឹងកាន់តែប្រសើរជាងមុនទាំងពិធីបើក និងពិធីបិទក៏ដូចជាលក្ខណៈបច្ចេកទេស ម្យ៉ាងវិញទៀតកាលពីប្រកួតលើកទី១ រដ្ឋបានចំណាយថវិកាអស់ប្រមាណជាង ៣.០០០លានរៀល ប៉ុន្តែសម្រាប់លើកទី២នេះនឹងចំណាយក្នុងរង្វង់ជាង ៦.០០០លានរៀល ។ លើកនេះចំនួនមានការកើនឡើងច្រើនពាក់ព័ន្ធនឹងការហូបចុក ស្នាក់នៅ មធ្យោបាយធ្វើដំណើរ សម្លៀកបំពាក់ដោយខាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជាអ្នកស្វែងរកដៃគូឧបត្ថម្ភដើម្បីបំពេញបន្ថែមទៅលើថវិកាជាតិដែលត្រូវចំណាយ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់