ថ្នាក់ដឹកនាំកីឡាជាន់ខ្ពស់ជាង១០០នាក់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអូឡាំពិកអាស៊ីនៅកម្ពុជា

នូ មករា May 1, 2018


ភ្នំពេញ៖ នាថ្ងៃទី៦ និងទី៧ ខែឧសភាខាងមុខ គណៈក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នឹងបើកកិច្ចប្រជុំរបស់ខ្លួននៅក្នុងទឹកដីកម្ពុជាស្ដីពីដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីលើកទី១៨ ឬ Asian Games 2018 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាខែសីហាខាងមុខ។ កិច្ចប្រជុំនេះកម្ពុជាធ្លាប់ទទួលស្វាគមន៍ម្ដងរួចមកហើយកាលពីឆ្នាំ២០១៣លើទឹកដីអង្គរខេត្តសៀមរាប ខណៈដែលលើកទី២នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC នឹងរៀបចំនៅក្នុងរាជធានីភ្នំពេញ ក្នុងសណ្ឋាគាសុខាដែលមានមន្ដ្រីថ្នាក់ដឹកនាំកីឡាជាន់ខ្ពស់ជាង ១០០នាក់មកពី៣តំបន់ចូលរួម គឺតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីបូព៌ា ។ តាមគម្រោង ក្រុមគណៈកម្មាធិការអូឡាំពិករបស់ជប៉ុនដែលត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ ក៏នឹងមានវត្តមានក្នុងឱកាសនោះដែរ។
  
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើនបានឱ្យដឹងថា មុនមកដល់កម្ពុជាក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នឹងរៀបចំកិច្ចប្រជុំនេះមួយដែរនៅទីក្រុង Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថានរយៈពេល២ថ្ងៃ នៅថ្ងៃទី០២-០៣ ខែឧសភា ដោយមានប្រទេសមកពីតំបន់អាស៊ីខាងលិច និងអាស៊ីកណ្តាលចូលរួម ដើម្បីជជែកពីដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីលើកទី១៨ ដូចគ្នា។ លោកបានបន្តថា ក្រៅពីជជែកអំពីដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី កម្ពុជានឹងទទួលបានផលចំណេញជាច្រើន ពីការធ្វើម្ចាស់ផ្ទះវេទិកាអូឡាំពិកអន្ដរជាតិនេះស្របពេលកម្ពុជាកំពុងត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដើម្បីទទួលបានការគាំទ្របន្ថែមពីមិត្តអន្ដរជាតិ ដូចជាការចែករំលែកនូវបទពិសោធ និងបច្ចេកទេសក្នុងការរៀបចំព្រឹត្តិការណ៍ធំៗប្រចាំតំបន់ជាដើម ៕
អត្ថបទ៖ ប៉ាវឡុងជីង

 

មតិយោបល់