កីឡាជាតិ៖ សហព័ន្ធកីឡាហែលទឹកត្រៀមខ្លួនបាន ៨០%ហើយដើម្បីបង្ហាញសមត្ថភាព

នូ មករា May 1, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ កំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗនេះហើយ ពោលគឺចុងខែឧសភា ខាងមុខនេះ ខណៈដែលសហព័ន្ធកីឡាហែលទឹកកម្ពុជាបានត្រៀមខ្លួនបាន៨០%ហើយ សម្រាប់ការបង្ហាញភាពរីកចម្រើន និងសមត្ថភាពអត្តពលិករបស់ខ្លួន ។ កីឡាថ្នាក់ជាតិ ជាកម្រិតកីឡាខ្ពស់មួយដែលរាជរដ្ឋាភិបាលបានដាក់គោលដៅសម្រាប់ឆ្នាំ២០២៣ ដូច្នោះរាល់ការឈ្នះមេដាយពីការប្រកួតនេះវាផ្តល់នូវកិត្តិយសេធំធេងណាស់ ពិសេសជំរុញឲ្យកីឡាករ-ការិនី ខិតខំពង្រឹងអភិវឌ្ឍនន៍សមត្ថភាពកាន់តែខ្លាំង ។

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គិរី បានឱ្យដឹងថា ការប្រកួតកីឡាជាតិលើកទី២ នេះមានក្លឹប សមាគមន ចូលរួមប្រកួតចំនួន​​ ៨ បើធៀបនឹងកីឡាជាតិលើកទី១ កាលពីឆ្នាំ២០១៦ កើនឡើងចំនួន៤ក្លឹប ហើយជាឱកាសប្រជែងបង្ហាញសមត្ថភាពអភិវឌ្ឍន៍ឈានទៅរកលទ្ធផលល្អប្រសើរនាស៊ីហ្គេមឆ្នាំ២០២៣ ។ លោកបានបន្ថែមថា ការប្រកួតកម្រិតថ្នាក់ជាតិ ដូចជាព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ នៅពេលដែលមានក្លឹបឬក៏សមាគមចូលរួមប្រកួតមានចំនួនកើនឡើងច្រើនវាបានផ្តល់ឱកាសប្រកួតប្រជែងសម្រាប់កីឡាករ កីឡាការិនី ឈានវិវត្តន៍សមត្ថភាពឆ្ពោះរកគុណផលល្អប្រសើរក្នុងការត្រៀមខ្លួនប្រជែងមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់