ការ៉ាតេដូកម្ពុជាបង្ហាញមហិច្ឆតាឡើងទៅវគ្គ១/៤ ក្នុងការប្រកួតជើងឯកអាស៊ី នៅជប៉ុន

នូ មករា April 30, 2018


ភ្នំពេញ៖  ក្រោយពីឈ្នះមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ៤គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេដូជើងឯកអាស៊ីអាគ្នេយ៍លើកទី៧ នៅទីក្រុងហាណូយប្រទេសវៀតណាម កាលពីពេលថ្មីកន្លងទៅនេះ សហព័ន្ធកីឡាការ៉ាតេដូកម្ពុជាមានគម្រោងចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ដ៍ធំមួយទៀតនៅប្រទេសជប៉ុនដែលនឹងចាប់ផ្ដើមនាដើមខែឧសភា ខាងមុខនេះ។ ព្រឹត្តិការណ៍ប្រកួតកីកីឡារ៉ាតេដូជើងឯកទ្វីបអាស៊ីនៅប្រជប៉ុន លើកទី១៧ គឺជាព្រឹត្តិការណ៍មួយដែលប្រជុំដោយជើងខ្លាំងចូលរួមជាង៤០ប្រទេសដែលចាប់ផ្ដើមពីថ្ងៃទី១០ ដល់១៣ ខែឧសភា ឆ្នាំ០១៨ ខណៈដែលសហព័ន្ធរំពឹងខ្ពស់ថាអត្តពលិកកម្ពុជាអាចឡើងដល់វគ្គ១ភាគ៤ ក្នុងព្រឹត្តិការណ៍នេះបាន។
 
លោក ឡាច ចាន់រិទ្ធី ប្រធានគ្រូបង្វឹកក្រុមជម្រើសជាតិបានឲ្យដឹងថា៖«យើងពុំសូវរំពឹងខ្ពស់ក្នុងការទទួលមេដាយត្រឡប់មកវិញក៏ពិតមែន ប៉ុន្តែការចូលរួមលើកនេះវាបានផ្តល់អត្ថប្រយោជន៍ដូចជា ទទួលបានបទពិសោធពិសេសគឺសិក្សាពីភាពខ្លាំងរបស់ប្រទេសទាំងនោះយកមកកែប្រែយុទ្ធសាស្ត្របង្ហាត់ និងអភិវឌ្ឍសមត្ថភាពកីឡាករ-ការិនីកម្ពុជា ត្រៀមចូលរួមប្រជែងមេដាយនៅអូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុន» ។ លោកបានបន្តថា ប្រសិនបើការចូលរួមរបស់អត្តពលិកកម្ពុជាអាចប្រជែងឡើងដល់វគ្គវគ្គ១ភាគ៤ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡារ៉ាតេដូជើងឯកទ្វីបអាស៊ី លើកទី១៧នេះ គឺកម្ពុជាមានភាគរយខ្ពស់ក្នុងការដណ្តើមមេដាយពីស៊ីហ្គេម២០២៣ ដែលមានតែប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមនោះជាក់ជាមិនខាន ៕ អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់