ក្លិបកីឡាវ៉ូវីណាមក្រុងតាខ្មៅ ដាក់ផែនការបង្កើតធនធានចូលរួមប្រកួតជើងឯកពិភពលោក ២០១៩

នូ មករា April 11, 2018


ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យផ្ទួនទាំងការប្រកួតកីឡាស៊ីហ្គេម និងជើងឯកពិភពលោកកាលពីឆ្នាំ២០១៧ រួចមកនោះ សហព័ន្ធកីឡាវ៉ូវីណាមបានជំរុញបន្ថែមដើម្បីឱ្យក្លិបនៅតាមបណ្ដាខេត្តចាប់ផ្ដើមពង្រឹងសមត្ថភាពរបស់ខ្លួន និងធ្វើការបណ្ដុះបណ្ដាលថ្នាលពីពេលនេះទៅដើម្បីត្រៀមប្រកួតសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ក្នុងនោះមានក្លិបមួយនៅក្នុងក្រុងតាខ្មៅបានបង្កើតឡើងហើយបានប្ដជ្ញាថានឹងបណ្ដុះធនធានឱ្យបាន ៤នាក់សម្រាប់ចូលរួមជើងឯកពិភពលោកក្នុងឆ្នាំ២០១៩ ខាងមុខនេះ ខណៈដែលគ្រូបង្វឹកក្លិបនេះ គឺជាម្ចាស់មេដាយពិភពលោកផងដែរ ។
បើយោងតាមការប្រកាសរបស់សហព័ន្ធកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ការប្រកួតជើងឯកពិភពលោកលើកទី៦ នៅអំឡុងឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ កម្ពុជាត្រូវការធនធានកីឡាករ-ការិនីល្អៗយ៉ាងហោច៥០នាក់ចូលរួមប្រជែងដណ្តើមមេដាយជាមួយប្រទេសនានានៅលើពិភពលោក ។ គ្រូបង្វឹក្លិបតាខ្មៅកីឡាករ ជ្រិន ពិសេដ្ឋ បានដាក់គោលដៅថា នឹងជួយបណ្តុះបណ្តាលធនធានកីឡាករ-ការិនីល្អៗឲ្យបានយ៉ាងហោច ៤រូបត្រៀមចូលរួមប្រជែងព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៦ នៅឆ្នាំ២០១៩ ខាងមុខ ។ គួបញ្ជាក់ផងដែរថា ក្លឹបកីឡាវ៉ូវីណាមនៅក្នុងខេត្តកណ្តាល(ក្រុងតាខ្មៅ) បច្ចុប្បន្នមានសិស្សប្រមាណជា២០រូបកំពុងតែហ្វឹកហាត់សព្វថ្ងៃ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់