សម្តេច​ សាយ ឈុំ ​ជួប​សំណេះសំណាលប្រតិភូ​​ជ័យ​លា​ភី​មេដាយមាស​ ​៤០​រូប

នូ មករា April 10, 2018


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​បាន​អនុញ្ញាត​ឲ្យគណៈប្រតិភូ​កីឡាករ​កីឡាការិនី​ជ័យ​លា​ភី​មេដាយមាស​ចំនួន​៤០​រូបបានចូល​ជួប​សំណេះសំណាល និង​សម្តែង​ការ​គួរសមនៅ​វិមាន​ព្រឹទ្ធសភា​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ចូល​មក​ដល់​នា​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៨ នា​ពេល​ខាង​មុខ ។ បន្ទាប់​ពី​បាន​ស្តាប់​សេចក្តីរាយការណ៍​របស់​ លោក ​ថោ​ង ​ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​អំពី​សកម្មភាព និង​លទ្ធផល​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រួច​មក សម្តេច​ សាយ ឈុំ​ បាន​ថ្លែង​នូវ​អំណរ​សរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ​របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាលដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​ប្រកបដោយលទ្ធផលជាវិជ្ជមាន ។


ជាមួយគ្នានេះ ​សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ផ្តល់​ជា​អនុសាសន៍​ដល់​គណៈប្រតិភូ​មាន​ជា​អាទិ៍​៖ ទី​១ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បន្ត​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព និង​លទ្ធភាព​របស់​ខ្លួន​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន ដើម្បី​សុខភាព សាមគ្គីភាព មាន​កម្រិត អន្តរជាតិ ដែល​មាន​សមត្ថភាព​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ទទួល​បាន​ស្នាដៃ​ជា​ជ័យ​លា​ភី​គ្រប់​លំដាប់ និង​ច្រើន​វិញ្ញាសារ​ជាង​នេះ​ទៀត ។ ជាមួយ​នោះ​ក៏​សូម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បន្ត​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត នៅ​ថ្នាក់​ជាតិ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ស៊ី​ហ្គេ​ម (SEA GAME) លើក​ទី​៣២ ឆ្នាំ​២០២៣ ។

ទី​២ ថែបំប៉ន​គ្រូបង្វឹក​ទាំងអស់ ទាំង​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ស្មារតី និង​បច្ចេកទេស ដើម្បី​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​បណ្តុះបណ្ដាល​កីឡាករ​កីឡា​ការី​នី​ទាំង​ចាស់​ទាំង​ថ្មី ដើម្បី​ជ្រើសរើស​កីឡាករ កីឡា​ការី​នី​ឯក ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា​ក៏​ដូច​ជា ត្រៀម​ដណ្ដើម​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម (SEA GAME) នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៣ ។ ទី​៣ សូម​កីឡាករ កីឡា​ការី​នី​ជ័យ​លា​ភី ខិតខំ​ការពារ និង​ពង្រីក​ខ្សែ​ក្រ​វ៉ា​ត់របស់​ខ្លួន និង​ធ្វើ​ជា​គំរូ​លើ​គ្រប់​ផ្នែក​សម្រាប់​កីឡាករ​ជំនាន់​ក្រោយ ។ ជាមួយ​នោះ​សូ​ម្បី​កីឡាករ​កីឡា​ការី​នី​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​គុណធម៌​កីឡា​ក្រមសីលធម៌​កីឡា​សូមកុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ខ្លួនឯង​ផង និង​កិត្តិយស​សង្គម​ជាតិ​ផង ៕

អត្ថបទ៖ មករា

មតិយោបល់