រកឃើញហើយជើងខ្លាំងអុកចត្រង្គចំនួន ៨រូបដែលត្រូវឡើងទៅប្រកួតផ្ដាច់ព្រ័ត្រនៅអង្គរសង្ក្រាន្ដ

នូ មករា April 9, 2018


ភ្នំពេញ៖ ជើងខ្លាំងខាងអុកចត្រង្គចំនួន៨រូបដែលចម្រាញ់ចេញពីជើងខ្លាំងចំនួន២៤រូបមកពីមណ្ឌលចំនួន៧ ផ្សេងគ្នានោះបានរកឃើញហើយ ។ មណ្ឌលទាំង៧នោះមានរាជធានីភ្នំពេញជ្រើសរើសយក៦រូប, មណ្ឌលខេត្តព្រះសីហនុ ៣រូប, កំពង់ស្ពឺ ៣ រូប, កំពង់ចាម ៣រូប, សៀមរាប ៣ រូប, ក្រចេះ៣ រូប និងមណ្ឌលខេត្តបាត់ដំបង ៣រូប ។ មូលហេតុដែលរាជធានីភ្នំពេញយកដល់ទៅ៦រូបនោះដោយសារអ្នកលេងខ្លាំងៗភាគច្រើននៅរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា ការប្រកួតនេះបានចែកចេញជា៦ពូលដែលមួយពូលៗមានចំនួនកីឡាករ ៤រូប ។

សម្រាប់ការប្រកួតជុំទី១ បានទម្លាក់១២រូបចេញនៅសល់ ១២រូបប៉ុនណោះ ហើយអ្នកទាំង ១២រូបនេះត្រូវប្រកួតខ្វែងជាមួយពូលផ្សេងៗគ្នានៅធ្វើឲ្យមានអ្នកឈ្នះ ៦រូប និងចាញ់៦រូប ។ដោយសារតែព្រឹត្តិការណ៍អង្គរសង្ក្រានតម្រូវឲ្យមានកីឡាករតែចំនួន៨រូប ហេតុនេះអ្នកចាញ់ ៦រូបត្រូវប្រកួតគ្នាដើម្បីរកអ្នកខ្លាំង ២រូបដើម្បីយកទៅបង្គ្រប់ជាមួយអ្នកឈ្នះ ៦រូបទៀតទើបបាន ៨រូបតែម្តង ។

ប្រការដែលគួរឲ្យកត់សម្គាល់ក្នុងការប្រកួតជម្រុះនេះគឺ ស្ដេចអុកឆ្នាំចាស់ ហេង សៅឌី ត្រូវបានជើងឯករងឆ្នាំចាស់ជំនាន់ជាមួយគ្នាទម្លាក់ចោលតាំងពីជុំទី១មកម្ល៉េះ ។ អតីតស្ដេចអុក ឆយ វីរ៉ា ក៏បានខ្ទាតចេញពីវគ្គជម្រុះរក៨នាក់នេះដែរ ។ ដូច្នេះ ជើងខ្លាំងទាំង៨រូបដែលត្រូវឡើងទៅប្រកួតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដមានដូចជា លោក ឈាវ បូរ៉ា អតីតស្ដេចអុក២ជំនាន់មកពីខេត្តកំពង់ចាម, ឌីម ឌីណា មកពីខេត្តកំពង់ចាម, កែវ វឌ្ឍនា មកពីរាជធានីភ្នំពេញ, ប៊ុន គាសេង មកពីខេត្តក្រចេះដែលជាជើងឯករងឆ្នាំចាស់, ប៊ូ ប៉ុណ្ណម៉ាលីកា មកពីរាជធានីភ្នំពេញ, អេង សេងហៀក មកពីខេត្តសៀមរាប, ស៊ីវ ស៊ីន មកពីខេត្តកំពង់ស្ពឺ និង សុខ លឹមហេង មកពីរាជធានីភ្នំពេញ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់