កញ្ចប់ឯកសារគុនល្បុក្កតោត្រូវបានអង្គការយូណេស្កូបើកពិនិត្យហើយ!

នូ មករា April 5, 2018


ភ្នំពេញ៖ ឯកសារគុនល្បុក្កតោខ្មែរដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធល្បុក្កតោបានផ្ញើរទៅកាន់អង្គការយូណេស្កូដើម្បីសុំបញ្ចូលជាសម្បត្តិបិតិកភ័ណ្ឌវប្បធម៌អរូបិយសម្រាប់មនុស្សជាតិនោះ ត្រូវបានអង្គការនេះបើកកញ្ចប់ដើម្បីពិនិត្យហើយកាលពីដើមខែមីនា ឆ្នាំ២០១៨កន្លងមកថ្មីៗនេះ ។ នេះជាការអះអាងរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា ។
លោកបានឲ្យដឹងបន្ថែមថាបន្ទាប់ពីត្រួតពិនិត្យហើយក្នុងអំឡុងខែមិថុនាឆ្នាំដដែលនេះយូណេស្កូនឹងឆ្លើយតបមកវិញថា តើខ្វះខាតអ្វីខ្លះដើម្បីឲ្យភាគីស្នើសុំបំពេញបន្ថែម ។ បន្ទាប់ពីបំពេញគ្រប់គ្រាន់ហើយនោះយូណេស្កូនឹងប្រគល់កញ្ចប់ឯកសារនេះទៅគណៈកម្មការជំនាញរបស់ខ្លួនដើម្បីវាយតម្លៃ ហើយបន្ទាប់ពីបញ្ចប់ការវាយតម្លៃនោះនៅខែមីនាឆ្នាំ២០១៩ ប្រសិនបើគណៈកម្មការជំនាញនេះគេត្រូវការឯកសារ ឬភស្តុតាងបន្ថែមគេនឹងប្រាប់មកឲ្យកម្ពុជាបំពេញបន្ថែម ។ ប្រសិនបើភស្តុតាង និងឯកសារគ្រប់គ្រាន់ ហើយល្មមគេអាចវាយតម្លៃបាននៅខែវិច្ឆិកាឆ្នាំ២០១៩ដដែលនេះគេនឹងប្រកាសដាក់បញ្ចូលជាសម្បត្តិបិតិកភ័ណ្ឌវប្បធម៌អរូបិយសម្រាប់មនុស្សជាតិ តែម្តង ។
សូមបញ្ជាក់ថា កម្ពុជាសព្វថ្ងៃមានសម្បត្តិបិតិកភ័ណ្ឌវប្បធម៌អរូបិយសម្រាប់មនុស្សជាតិដែលយូណេស្កូទទួលស្គាល់ចំនួន ៨ រួចហើយគឺប្រាសាទអង្គរវត្តទទួលស្គាល់ថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២, របាំព្រះរាជទ្រព្យទទួលស្គាល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣, ល្ខោនស្រមោលស្បែកធំទទួលស្គាល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥, ប្រាសាទព្រះវិហារទទួលស្គាល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨, គុកទួលស្លែងទទួលស្គាល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩, ល្បែងទាញព្រ័ត្រទទួលស្គាល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥, ចាប៉ីដងវែងទទួលស្គាល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៦ និងប្រាសាទសម្បូរព្រៃគុហ៍ទទួលស្គាល់ថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៧ ។ សម្រាប់គុនល្បក្កតោកម្ពុជាមានភស្តុតាងនៅតាមប្រាង្គប្រាសាទបូរាណនានាជាច្រើន ។ បើតាមការឲ្យដឹងបន្ថែមនោះថា បន្ទាប់ពីគុនល្បុក្កតោហើយកម្ពុជានឹងបញ្ជូនអុកចត្រង្គទៅអង្គការយូណេស្កូដើម្បីសុំការទទួលស្គាល់ទៀត ដោយពេលនេះការស្រាវជ្រាវពីកីឡាអុកចត្រង្គជិតនឹងបញ្ចប់ហើយ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់