សម្ដេចតេជោហ៊ុន សែន ក្រើនរំលឹកអត្តពលិកកម្ពុជាលើបញ្ហាវិន័យ និងកិត្តិយសជាតិ

នូ មករា April 5, 2018


ភ្នំពេញ៖ នៅក្នុងពិធីជួបជុំ និងទទួលទានអាហាសាមគ្គីកាលពីថ្ងៃទី៣ ខែមេសាកន្លងទៅនោះ សម្ដេចតេជោហ៊ុន សែន បានលុតខ្លាំងៗទៅកីឡាករ កីឡាការិនីទាំងអស់
ឲ្យរក្សានូវភាពថ្លៃថ្នូរក្នុងនាមជាអ្នកកីឡារបស់កម្ពុជាដោយត្រូវគោរពរាល់ការសម្រេចរបស់អាជ្ញាកណ្ដាល និងមានក្រមសីលធម៌ខ្ពស់ផង ពិសេសមិនត្រូវធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសជាតិឡើយ។
  
សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរឱ្យកីឡាករ កីឡាការនីទាំងអស់នៅក្នុងការប្រកួតផ្សេងៗគឺត្រូវតែគោរពតាមច្បាប់ក្រឹតក្រមនៃការប្រកួតរបស់កីឡាដោយត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់ថ្នាំញៀនដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់កិត្តិយសខ្លួន និងកិត្តិយសជាតិទៀតផង ។ ជាពិសេសត្រូវទទួលស្គាល់ និងទទួលយកនូវលទ្ធផលដែលអាជ្ញាកណ្ដាលបានសម្រេចទោះបីជាឈ្នះ ឬ ចាញ់ក្ដី មិនត្រូវដើរចេញដោយអាកប្បករិយាឆ្មើង កន្ត្រើង ទឹកមុខមិនទទួលយកនូវលទ្ធផលដែលអាជ្ញាកណ្តាលបានផ្តល់ឲ្យនោះទេ ។
 
សម្តេចបានបន្ថែមថា៖ «ខ្ញុំនៅតែបន្តអំពាវនាវឲ្យមានការគោរពនូវក្រមសីលធម៌ដោយមិនប្រើសារធាតុញៀនណាមួយនោះទេ គឺយើងត្រូវធ្វើជាអ្នកថ្លៃថ្នូរបំផុតក្នុងជីវិតកីឡារបស់យើង»។ សម្ដេចបានបន្តថា៖ «សារធាតុដែលត្រូវហាមឃាត់ដោយផ្នែកកីឡាមិនត្រូវយកមកប្រើប្រាស់ក្នុងវិស័យកីឡារបស់កម្ពុជានោះទេព្រោះរឿងនេះវាមិនគ្រាន់តែធ្វើឲ្យខូចកេរ្តិ៍ឈ្មោះដល់កីឡាករ កីឡាការិនីរូបនោះទេ ប៉ុន្តែវាបានធ្វើឲ្យខូចឈ្មោះដល់វិស័យកីឡាជាតិរបស់យើង និងមុខមាត់ប្រទេសរបស់យើងផងដែរ»។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖ «ហេតុនេះនៅតាមសហព័ន្ធកីឡាជាតិនីមួយៗត្រូវពិនិត្យមើល ហើយយុវជន យុវនារី ដែលជាកីឡាករ កីឡាការិនី ក៏ត្រូវខិតខំពិនិត្យមើលខ្លួនឯងផងដែរ គឺកុំប៉ះពាល់ឲ្យសោះជាមួយគ្រឿងញៀន ព្រោះវាបំផ្លាញទៅដល់អនាគតរបស់យើង។ មិនថាអ្នកនោះល្បីប៉ុណ្ណានោះទេ គឺឲ្យតែពាក់ព័ន្ធរឿងប្រើប្រាស់សារធាតុញៀន ត្រូវខូចកេរ្តិ៍ឈ្មោះទាំងអស់»៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់