សម្តេច​ ទៀ បាញ់ បន្តដឹកនាំសហព័ន្ធវាយកូនគោល ប៉ុន្តែប្ដូរសមាជិកប្រតិបត្តិ ៣រូប

នូ មករា April 2, 2018


ភ្នំពេញ៖ ពេញមួយព្រឹកថ្ងៃទី២ ខែមេសានេះ សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានធ្វើមហាសន្និបាតដោយពិនិត្យមើលរបាយការណ៍ការងា និងហិរញ្ញវត្ថុឆ្នាំកន្លងមកហើយក្នុងនោះក៏មានធ្វើការជ្រើសរើសសមាជិកប្រតិបត្តិថ្មី៣រូបដើម្បីបំពេញបន្ថែមចំពោះសមាជិក៣រូបដែលលាលែងដោយសារតែរវល់ហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ។
 
សន្និបាតនេះធ្វើឡើងក្រោមការចូលរួមពី លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា, លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី ជាតំណាងក្រសួងអប់រំ យុវជន និងកីឡា ។ ចំណែកសមាជិកប្រតិបត្តិ៣រូបដែលលាលែងនោះមានលោកនូ អេលីដែន, លោកពៅ ពេជ្រមេត្តា និងលោក ថោង សុ ខាំមុន្នី ។ មូលហេតុដែលលោកទាំង ៣បានលាលែងដោយសារតែលោកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារព្រោះលោកទាំង៣រូបជាប់ជាកីឡាករជម្រើសជាតិហើយក្នុងមួយថ្ងៃៗលោកត្រូវហ្វឹកហាត់យ៉ាងតិច ៥ម៉ោងឯណោះ ។
សម្រាប់សន្និបាតលើកនេះ លោក កែវ រស់, អ្នកស្រី តិម៉ា វិច្ឆិកាល និងលោកសុខ វណ្ណា ត្រូវបានសមាជិកគាំទ្រជាសមាជិកថ្មីជំនួសអ្នកលាឈប់ទាំង ៣ រូប ខណៈដែលសម្ដេចពិជ័យសេនា ទៀ បាញ់ បានទទួលការគាំទ្រជាប្រធានសហព័ន្ធដដែល ។ ជាមួយគ្នានេះ លោក ឯក សុន ចាន់ បានជាប់ជាអនុប្រធាន ចំណែក លោក ជា បូរ៉ា ជាប់ជាអគ្គលេខាធិការសហព័ន្ធដដែល, លោក ម៉ុន សុខជា ដែលជាអគ្គហិរញ្ញឹកនោះត្រូវបានប្ដូរមកជាអគ្គលេខាធិការរងជាមួយលោកឧកញ៉ា ឆោម សំបូរ និង លោកឧត្តមសេនីយ៍ សៅ ច័ន្ទតារា ។លោក កែវ រស់ ជាអគ្គហិរញ្ញឹក, លោក សុខ សុធិរ៉ា ជាអគ្គហិរញ្ញឹករងក្រៅពីនោះជាសមាជិកប្រតិបត្តិធម្មតា ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់