សាលាគុនការ៉ាតេដូសូរិយា គ្រោងរៀបចំការប្រកួតចម្រាញ់រកធនធានឆ្នាំ២០២៣ នៅសប្ដាហ៍នេះ

នូ មករា April 2, 2018


ភ្នំពេញ៖ នាថ្ងៃទី៨ ខែមេសាខាងមុខ សាលាគុនសូរិយាការ៉ាតេដូសូតូកង់កម្ពុជា គ្រោងរៀបចំការប្រកួតជ្រើសរើសជើងឯកកុមារអាយុក្រោម១៥ ដើម្បីសម្រិតសម្រាំងរកអត្តពលិកឆ្នើមៗសម្រាប់ស៊ីហ្គេមសម្រាប់ឆ្នាំ២០២៣ ខាងមុខ ។ លោក ឡាច ច័ន្ទដារ៉ា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាការ៉ាតេដូកម្ពុជាបានឱ្យដឹងថា ការប្រកួតការ៉ាតេដូពានរង្វាន់កុមារអាយុក្រោម១៥ធ្វើឡើងមិនត្រឹមតែធ្វើការត្រៀមតែឆ្នាំ២០២៣នោះទេ ប៉ុន្តែក៏ដើម្បីពង្រឹងសមត្ថភាពកីឡាករ មន្ត្រីបច្ចេកទេសសម្រាប់ត្រៀមការប្រកួតកីឡាជាតិលើកទី២ផងដែរ។
លោកបានបន្តថា កីឡាករជម្រើសជាតិ ក៏ដូចជាយុវជនថ្នាលដែលកំពុងហ្វឹកហាត់ក្នុងសហព័ន្ធភាគច្រើនជ្រើសរើសចេញពីការប្រកួតពានរង្វាន់កុមារមួយនេះ ម្យ៉ាងក្មេងៗកាលណាបានដឹងដំណឹងថាមានការប្រកួត ពួកគេនឹងខិតខំហ្វឹកហាត់ណាស់សូម្បីតែគ្រូនៅតាមក្លិបក៏មិនចាំបាច់បង្ខំពួកគាត់ដែរ ពោលគឺពួកគាត់តែងតែយកពេលទំនេរពីការសិក្សាមកជួបជុំគ្នាហ្វឹកហាត់ពង្រឹងសមត្ថភាពដើម្បីត្រៀមការប្រកួតមួយនេះ ហើយកីឡាករល្អៗនៅក្នុងសហព័ន្ធសព្វថ្ងៃ ភាគច្រើនជាម្ចាស់មេដាយពានរង្វាន់កុមារដែលរៀបចំការប្រកួតរៀងរាល់ឆ្នាំនាពេលកន្លងមក ។ លោកបានបន្ថែមថា រៀងរាល់ឆ្នាំការប្រកួតពានរង្វាន់កុមារអាយុក្រោម១៥ឆ្នាំមានកីឡាករចូលរួមមិនលើសពី៥០នាក់នោះទេ ខណៈឆ្នាំនេះលោកបញ្ជាក់ថា អាចមានប្រមាណ១០០នាក់ចូលរួមដោយសារក្លិប-សមាគមចូលរួមមានការកើនឡើង៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់