កីឡាវាយកូនបាល់កម្ពុជា សង្ឃឹមប្រជែងបានកៅអី Group II នៅ Davis Cup ឆ្នាំនេះ

នូ មករា April 1, 2018


ភ្នំពេញ៖ បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជាអស់រយៈពេល ៥ថ្ងៃរួចមកក្រុមកីឡាវាយកូនបាល់កម្ពុជា នៅតែបន្តការហ្វឹកហាត់យ៉ាងខ្លាំងដើម្បីប្រជែងយកកៅអីក្នុង Group II នៃព្រឹត្តិការណ៍ប្រកួត Davis Cup កម្រិត៣ ឆ្នាំ២០១៨ បើទោះបីអាកាសធាតុនៅប្រទេសវៀតណាមមានភាពត្រជាក់យ៉ាងណាក៏ដោយ។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានឱ្យដឹងថា នេះជាក្ដីស្រមៃលើកដំបូងហើយរបស់សហព័ន្ធដោយរយៈពេលជិត ១០ឆ្នាំមកនេះក្រុមកីឡាវាយកូនបាល់កម្ពុជាមានឱកាសលេងត្រឹម Group III បន្ទាប់ពីចូលរួមលើកដំបូងកាលពីឆ្នាំ២០១២ រួចមក ។
គួររំលឹកថា ក្នុងបេសកកម្មប៉ុន្មានឆ្នាំមកនេះ ថ្នាក់ដឹកនាំសហព័ន្ធតែងតែដាក់គោលដៅស្វែងរកកៅអី Group II ប៉ុន្ដែមិនបានសម្រេចនោះទេរហូតត្រូវធ្លាក់ទៅលេង Group IV វិញក្នុងឆ្នាំ២០១៧កន្លងមក មុននឹងដណ្ដើមកៅអី Group III ត្រឡប់មកវិញក្នុងឆ្នាំ២០១៨ នេះ​ ។ លោកបានបន្តថា សម្រាប់ព្រឹត្តិការណ៍ប្រកួតដាវីសខាប់ឆ្នាំ២០១៨នេះ ប្រទេសវៀតណាមធ្វើម្ចាស់ផ្ទះដោយមាន៩ប្រទេសចូលរួមដូចជា ប្រទេសវៀតណាមម្ចាស់ផ្ទះ ហ្សាក់ដានី គុយវ៉ែត ប៉ាស៊ីហ្វិចអូសេអានី ស៊ីរី កាតា ម៉ាឡេស៊ី ហ្សកដានី និងប្រទេសកម្ពុជា។
សម្រាប់ការប្រកួតនេះត្រូវបែងចែកជា២ពូលគឺ A និង B ហើយក្នុងមួយពូលនីមូយៗមាន៤ក្រុម និង៥ក្រុម។ ការចាប់ឆ្នោតរើសពូលប្រកួតនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី១ ខែមេសា ឆ្នាំ២០១៨នេះ។ យ៉ាងណាក៏ដោយ ក្រុមកម្ពុជាបានរំពឹងយ៉ាងមុតមាំថាឆ្នាំនេះពួកគេនឹងធ្វើបានកាន់តែល្អដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួនឈានទៅលេង Group II នាឆ្នាំក្រោយ ។ សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍អន្ដរជាតិខាងលើនឹងធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី០២-០៧ ខែមេសា ខាងមុខនេះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់