សៀវភៅគុនល្បុក្កតោ ត្រូវបានបោះពុម្ពជាភាសាអង់គ្លេសហើយ

នូ មករា March 30, 2018


ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានកីឡាគុនល្បុក្កតោកម្ពុជាបានប្រកាសនៅក្នុងពិធិបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រមថ្នាក់ជាតិនាល្ងាចថ្ងៃទី២៩ ខែមីនាម្សិលមិញថាសៀវភៅគុនល្បុក្កតោត្រូវបានបោះពុម្ពជាភាសាអង់គ្លេសហើយ ។ លោកបានចាត់ទុកថានេះជាការត្រៀមខ្លួនជាមុនព្រោះគុនល្បុក្កតោនេះកម្ពុជានឹងដាក់ទៅក្នុងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
  សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានសិក្ខាកាមចូលរួមចំនួន៣៣នាក់ និងឧទ្ទេសនាមដោយគ្រូចំនួន ៤រូប ។ ក្នុងពិធីបិទវគ្គនេះស្ថិតក្រោមការចូលរួមពីសំណាក់ លោក ច័ន្ទ សារុន ដែលជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក៏ដូចជាលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់តូអាយធីអេហ្វកម្ពុជា និងជាទីប្រឹក្សាជានខ្ពស់សហព័ន្ធកីឡាគុនល្បុក្កតោ ។
 
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថាគ្រូគុនល្បុក្កតោត្រូវចេះដឹងពីប្រវត្តិគុនល្បុក្កតោបន្ថែមទៀតដើម្បីបង្ហាត់បង្រៀនកូនសិស្សឲ្យយល់ពីគុនល្បុក្កតោកាន់តែច្បាស់ហើយត្រូវអភិឌ្ឍន៍គុនល្បុក្កតោដោយឈរលើមូលដ្ឋានអភិរក្សជាចាំបាច់ ។ ក្នុងពិធីបិទនេះលោក កែវ រ៉េមី មានប្រសាសន៍ថា ដោយសារក្បាច់គុននេះជាព្រលឹងរបស់ខ្មែរហេតុនេះសហព័ន្ធត្រូវតែផលិតគ្រូឲ្យបានច្រើនដើម្បីបញ្ជ្រៀបកីឡាមួយនេះទៅក្នុងសាលារៀន ។
សូមបញ្ជាក់ថា កីឡាល្បុក្កតោនេះត្រូវបានដាក់បញ្ចូលទៅជាប្រភេទកីឡាប្រយុទ្ធរបស់កងយោធពលខេមរភូមិន្ទហើយ ដោយសាលារៀនមួយចំនួនក៏បានយកក្បាច់គុននេះទៅបញ្ចូលក្នុងកម្មវិធីសិក្សារបស់ខ្លួនដែរ ។ លោក ច័ន្ទ សារុន បានបង្ហាញពីមហិច្ឆតាដាក់កីឡាគុនល្បុក្កតោនេះទៅក្នុងសាលារៀនចាប់តាំងពីបឋមសិក្សាទៅតែម្ដងព្រោះប្រភេទកីឡានេះនឹងមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ដោយសហព័ន្ធត្រូវពង្រីកវិសាល ភាពគុនល្បុក្កតោតាមរយៈសាលារៀននេះទើបជាការប្រសើរ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់