អគ្គនាយកកីឡា​ ក្រើនរំលឹកគ្រប់សហព័ន្ធឱ្យរៀបចំការបណ្តុះបណ្តាលបច្ចេកទេសឱ្យបានផុសផុល

នូ មករា March 30, 2018


ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោកអ៊ុក សិទ្ធិជាតិ បានថ្លែងថានៅពេលដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សិទ្ធិអំណាចដល់សហព័ន្ធកីឡាជាតិទាំងអស់ ក្នុងការចេះរៀបចំ ទាំងការប្រកួត និងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកអាជ្ញាកណ្ដាលដោយខ្លួនឯងដើម្បីជាភាពងាយស្រួលក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ ។
លោកបានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា សព្វថ្ងៃនេះបានផ្ដល់នូវសិទិ្ធអំណាចទៅដល់សហព័ន្ធកីឡាជាតិទាំងអស់ឱ្យចេះរៀបចំការងារដោយខ្លួនឯងអស់ហើយដោយក្នុងនោះក្រសួងបានផ្ដល់នូវកញ្ចប់ថវិកាមួយចំនួនដល់សហព័ន្ធកីឡាជាតិសម្រាប់ចាត់ចែងការងាររដ្ឋបាលផ្សេងៗនៅក្នុងសហព័ន្ធធ្វើយ៉ាងណាឱ្យសហព័ន្ធនីមួយៗមានលទ្ធភាពពង្រឹង និងពង្រីកខ្លួនទៅបានហើយ ។ លោកបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញគ្រប់សហព័ន្ធកីឡាជាតិឱ្យធ្វើកំណែទម្រង់ត្រឹមត្រូវច្បាស់លាស់ដូចជាការប្រកួតត្រូវធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវតាមស្តង់ដានៅក្នុងតំបន់ ព្រោះថាក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះត្រូវទាមទារឱ្យមានការប្រកួតមួយដែលមានលក្ខណៈស្តង់ដាត្រឹមត្រូវ ។ ដូច្នេះចាប់ពីពេលនេះទៅគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ត្រូវតែត្រៀមគ្រប់យ៉ាងឱ្យបានល្អទាំងការងារបច្ចេកទេស ការងាររដ្ឋបាល ក៏ដូចជាមន្ត្រីរៀបចំការប្រកួតតែម្ដង៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់