តេក្វាន់ដូ ITF ផ្តោតគោលដៅបង្កើនធនធានត្រៀមសុីហ្គេម២០២៣

នូ មករា March 29, 2018


ភ្នំពេញ៖ ការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមពិតជាសំខាន់សម្រាប់សហព័ន្ធកីឡាជាតិនីមួយៗបញ្ជូនទៅចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិផ្សេងៗ ខណៈដែលក្នុងនោះសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាគ្រោងធ្វើការបណ្ដុះបណ្ដាលអត្តពលិកជម្រើសជាតិឲ្យក្លាយជាអាជ្ញាកណ្តាលចៅក្រមប្រកបដោយវិជ្ជាជីវៈដើម្បីដឹងពីច្បាស់បច្ចេកទេសនៃការប្រកួតរបស់ខ្លួន ។
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំនេះសហព័ន្ធពិតជាមានគម្រោងរៀបចំវគ្គបណ្ដុះបណ្ដាលនេះមែន ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ ហើយការដែលសហព័ន្ធជំរុញឲ្យកីឡាករជម្រើសជាតិ និងគ្រូជម្រើសជាតិចាប់យកជំនាញអាជ្ញាកណ្តាលចៅក្រមនេះព្រោះវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា អភិវឌ្ឍន៍ពួកគេឲ្យក្លាយជាអាជ្ញាកណ្តាលចៅក្រមសម្រាប់ពេលអនាគត ។
ជាមួយគ្នានេះផងដែរ សហព័ន្ធកំពុងតែស្វែងរកសិទ្ធិគាំទ្រដាក់បញ្ចូលប្រភេទកីឡាខ្លួនទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ផងដែរ។ គួររំលឹកផងដែរថា គោលដៅនេះត្រូវបានប្រធានសហព័ន្ធបានដាក់ចេញនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ កាលពីពេលថ្មីៗនេះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់