ថ្នាក់ដឹកនាំសហព័ន្ធកីឡាហែលទឹក ទទួលស្គាល់ថាកម្ពុជានៅខ្វះធនធានគ្រូបង្វឹកច្រើនទៀត

នូ មករា March 29, 2018


ភ្នំពេញ៖ ស្របពេលដែលប្រភេទកីឡាផ្សេងៗកំពុងតម្រង់ទិសឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣នោះ សហព័ន្ធកីឡាហែលទឹកកម្ពុជា ក៏កំពុងតែផ្តោតការយកចិត្តទុកដាក់ទាំងគ្រូបង្វឹក និងកីឡាករ កីឡាការិនីផងដែល ខណៈដែលបច្ចុប្បន្ននេះ សហព័ន្ធកំពុងស្វែករក និងធ្វើការជ្រើសរើសគ្រូបង្វឹកដែលមានជំនាញបច្ចេកទេសខ្ពស់ជាង៥០នាក់ មកត្រៀមខ្លនបង្ហាញ បច្ចេកទេសនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសុីហ្គេមនោះ ។
អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា លោក ហែម គិរីបានមានប្រសាសន៍ថា បច្ចុប្បន្នសហព័ន្ធមានអត្តពលិកដែលពូកែៗ និងឆ្នើមជាច្រើនរួមទាំងមានទីលានសម្រាប់ធ្វើការហ្វឹកហាត់ច្រើនកន្លែងទៀតផងតែនៅខ្វះធនធានគ្រូបង្វឹកច្រើន ដូច្នេះកង្វះផ្នែកគ្រូបង្វឹកនេះពិតជាធ្វើឱ្យសហព័ន្ធមានការលំបាកកាន់តែខ្លាំង។ ទោះបីយ៉ាងណា លោកបានបញ្ជាក់ថា សហព័ន្ធមានទិសដៅផលិតធនធានគ្រូបង្វឹកកីឡាហែលទឹកឲ្យក្លាយទៅជាគ្រូបង្វឹកកម្រិតស្តង់ដារអន្តរជាតិយ៉ាងហោចណាស់ឱ្យបានជាង៥០នាក់ត្រឹមឆ្នាំ២០២៣ ខាងមុខ ។ ជាងនេះទៅទៀត យ៉ាងយូរ២ឆ្នាំទៀតប៉ុណ្ណោះ សហព័ន្ធនឹងបង្កើនការអភិវឌ្ឍចំណេះដឹង និងជំនាញគ្រូបង្វឹក ព្រមទាំងចៅក្រមអាជ្ញាកណ្តាលចូលរួមបម្រើការងារនៅក្នុងព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេស ។ គួរបញ្ជាក់ផងដែរថា ការដែលសហព័ន្ធមានគម្រោងអភិវឌ្ឍន៍គ្រូកម្រិតអន្តរជាតិឲ្យបានច្រើននៅកម្ពុជា ព្រោះសហព័ន្ធចង់ឲ្យគ្រូរបស់កម្ពុជាឈានជើងទៅចូលរួមបម្រើការងារនៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗនៅក្រៅប្រទេសដើម្បីកិត្យានុភាពជាតិកម្ពុជា ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់