តេក្វាន់ដូ WTF កម្ពុជាទទួលបានមេគុនថ្មីចំនួន៤ពីកូរ៉េខាងត្បូង

នូ មករា March 29, 2018


ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ៤នាក់ រួមជាមួយគ្រូបង្វឹក៣នាក់ និងអាជ្ញាកណ្តាលកម្រិតអន្តរជាតិ២នាក់ ទទួលបានលទ្ធផលល្អប្រសើរក្នុងកម្មវិធីហ្វឹកហាត់តេក្វាន់ដូ ATU New Poomsae Education នៅសាធារណរដ្ឋកូរ៉េខាងត្បូងដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨កន្លងមក។ លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិនៃខេមរសហព័ន្ធតេក្វាន់ដូ WTF បាននិយាយថា ក្រុមកីឡាទាំងអស់គ្នាទទួលបានលទ្ធផលល្អទាំងអាជ្ញាកណ្តាល គ្រូបង្វឹក និងកីឡាករ-ការិនី ចំណែកអាជ្ញាកណ្ដាលក៏បានរៀនពីការដាក់ពិន្ទុលើប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មីហើយគ្រូបង្វឹកបានរៀនពីវិធីបង្រៀនឲ្យសិស្សលោតទាត់ខ្ពស់ ចលនាបង្វិលទាត់ និងលំនឹងជាដើម។

Photo by PSC-POC Media Group

លោកបានបន្តថា កីឡាករ-កីឡាការិនីហ្វឹកហាត់មេគុនថ្មី (New Poomsae) ដែលមាន៤មេគុនក្នុងមួយថ្ងៃមួយមេគុន។ សូមបញ្ជាក់ថា មេគុនទាំង៤នោះរួមមាន Himchari, Saebyeol, Bigak និង Nareusya ។ សម្រាប់អត្តពលិកតេក្វាន់ដូ៤នាក់ រួមមានកីឡាករ ផល សុវណ្ណាត់, កីឡាករ អោក សុវណ្ណារ៉ា, កីឡាការិនី ស៊ីម រចនា និងកីឡាការិនី ណាង វណ្ណៈ ហើយអាជ្ញាកណ្តាល២រូប គឺលោក ហែម សំណាង និងលោក ឃឹម សត្ថា ចំណែកគ្រូបង្វឹករួមមានលោក ជាតិ ខេមរា ក៏ដូចជាលោកគ្រូឆយ យ៉ុងសុក និងលោកគ្រូជនជាតិកូរ៉េមួយរូបទៀត។ សម្រាប់ការចេញទៅធ្វើការហ្វឹកហាត់លើកនេះដើម្បីត្រៀមខ្លួន ចូលរួមព្រឹត្តិការណ៍ ការប្រកួតអាស៊ីហ្គេម “Asian Games” នៅប្រទេសឥណ្ឌូណេស៊ីដែលប្រព្រឹត្តពីថ្ងៃទី១៨ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨នេះ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់