ការប្រកួតកីឡាសិស្សបឋមសិក្សាឆ្នាំនេះមានអត្តពលិកចូលរួម ១.៤០៤នាក់

នូ មករា March 29, 2018


ភ្នំពេញ៖ ការប្រកួតកីឡាសិស្សបឋមសិក្សាជើងឯកជាតិទូទាំងប្រទេសឆ្នាំ២០១៨នឹងធ្វើនៅខេត្តបាត់ដំបងចាប់ពីថ្ងៃទី២៨ ខែមីនាដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ។ លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិតបានឲ្យដឹងថា នៅក្នុងការប្រកួតនេះនាយកដ្ឋានរបស់លោកបានរៀបចំអនុគណៈកម្មការចំនួន ៩ដើម្បីទទួលខុសត្រូវក្នុងការប្រកួត ។ ក្រៅពីនេះលោកបានប្រើមន្ត្រីបច្ចេកទេសចំនួន ២៥០ដែលក្នុងនោះ៤៥នាក់ជាមន្ត្រីបច្ចេកទេសនៅខេត្តបាត់ដំបងតែម្ដង ។ សម្រាប់ការប្រកួតកីឡាបឋមសិក្សាមានតែ៤ប្រភេទកីឡាប៉ុណ្ណោះគឺ៖ បាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម។
ជាមួយគ្នានេះសម្រាប់ប្រភេទកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះដោយសារនៅកម្រិតបឋមសិក្សាពួកគេមានវ័យក្មេងៗនោះគឺក្រុមនីមួយៗ ដាក់ចម្រុះលាយគ្នាទាំងកុមារាទាំងកុមារីឲ្យប្រកួតតែម្ដង ពោលគឺប្រភេទកីឡាបាល់ទាត់ទាំងកុមារា-កុមារីមាន២៤ក្រុមដែលនឹងលេងលើទីលានចំនួន៤ បាល់ទះកុមារា-កុមារី មាន២៥ក្រុមលេងលើទីលានចំនួន ៤ បាល់បោះកុមារា-កុមារីមាន១៩ក្រុមលេងលើទីលានចំនួន៤ដែរ ។ ចំពោះប្រភេទកីឡាអត្តពលកម្មមាន២២ក្រុមលេងលើទីលានតែមួយប៉ុណ្ណោះ ។ ក្នុងអំឡុងនៃការប្រកួតនេះលោកបានរៀបចំសណ្ឋាគារចំនួន១៥ដើម្បីឲ្យប្រតិភូ និងកីឡាករ-កីឡាការិនីសម្រាក ។ ការប្រកួតនេះឧបត្ថម្ភដោយភេសជ្ជៈ Sponsor ។
លោក ស្រ៊ីន ផល្លា ដែលជាតំណាងក្រុមហ៊ុន Sponsor បានដឹងថា នេះជាឆ្នាំទី២ហើយដែលក្រុមហ៊ុនបានឧបត្ថម្ភដល់ការប្រកួតកីឡាសិស្ស មិនថាតែការប្រកួតក្នុងស្រុកនោះទេសូម្បីតែការប្រកួតនៅក្រៅប្រទេសក៏លោកជួយឧបត្ថម្ភដែរគឺឧបត្ថម្ភទៅតាមអ្វី ដែលក្រុមហ៊ុនលោកអាចធ្វើទៅបាន ។ លោក ស៊ាន បូរ៉ាត រដ្ឋាលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិត ក៏បានថ្លែងនៅក្នុងសន្និសីទដែរថា ក្នុងឋានៈជាអ្នកទទួលខុសត្រូវក្នុងការប្រកួតយើងត្រូវធានារ៉ាប់រងទាំងការធ្វើដំណើរមកប្រកួត ការស្នាក់នៅហូបចុកក្នុងអំឡុងពេលប្រកួត និងការធ្វើដំណើរត្រឡប់ទៅវិញផងដែរ ។ ចំពោះការប្រទូស្ដរាយក្នុងអំឡុងពេលប្រកួតលោកទាមទារឲ្យទប់ស្កាត់ឲ្យបាន ដោយលោកបានសំណូមពរឲ្យគ្រូបង្វឹកត្រូវប្រកាន់យកទស្សនៈកីឡាជាស្ពានមិត្តភាពពោលគឺកុំលេងចាញ់គេបញ្ឆេះសិស្សឲ្យវាយគ្នាដោយប្រើពាក្យញុះញង់ជាដើម ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់