សហព័ន្ធចំបាប់ ត្រៀមខ្លួនយ៉ាងមុតមាំសម្រាប់ការប្រកួតកីឡាជាតិឆ្នាំនេះ

នូ មករា March 28, 2018


ភ្នំពេញ៖ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ខាងនេះ សហព័ន្ធកីឡាចំបាប់កម្ពុជា បានដាក់ផែនការច្បាស់ៗ និងចំទិសដៅ ក្នុងការបណ្ដុះបណ្ដាលធនធានល្អៗចេញពីបណ្ដាខេត្តនីមួយៗដែលប្រកបដោយសមត្ថភាពខ្ពស់ ។ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធចង់ជំរុញឲ្យសមាគមកីឡាចំបាប់នៅតាមខេត្តរៀបចំផែនការយុទ្ធសាស្ត្រឲ្យបានច្បាស់លាស់ និងពង្រឹងសមត្ថភាព បច្ចេកទេស ឲ្យបានល្អត្រៀមកីឡាជាតិលើកទី ២ ហើយសហព័ន្ធក៏បានបើកវគ្គបណ្តុះបណ្តាលនានាដើម្បីប្រាប់ឲ្យពួកគាត់ឲ្យបានដឹង និងយល់ពីបទបញ្ជាចុងក្រោយរបស់សហព័ន្ធកីឡាចំបាប់អន្តរជាតិផងដែរ ចៀសវាងការបង្កើតឲ្យមានកំហុសក្នុងពេលប្រកួតផ្លូវការ។
លោកបានបន្តថា៖ «តាមរយៈវគ្គបណ្តុះបណ្តាលនេះ យើងបានចុះទៅជួយរៀបចំសមាគមកីឡាចំបាប់នៅតាមខេត្តឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងខេត្តដើម្បីឈានទៅរកការបង្កើតសាលាបណ្តុះបណ្តាលថ្នាលសម្រាប់ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅតាមខេត្តទាំងនោះ»។ លោកបានបន្ថែមថា៖ «ពិតណាស់តាមរយៈវគ្គបណ្តុះបណ្តាលនេះបានបើកផ្លូវឲ្យយើងអាចជ្រើសរើសអត្តពលិកវ័យក្មេងដែលមានសមត្ថភាព និងទេពកោសល្យពីតាមខេត្តដើម្បីត្រៀមដាក់ឲ្យហ្វឹកហាត់ជាមួយក្រុមថ្នាល ជាក់ស្តែងវគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ឆ្នាំងកន្លងមកនេះយើងបានជ្រើសរើសកីឡាការិនីវ័យក្មេង ១រូប ឈ្មោះ ស៊ឹម សុភាឡៃ សម្រាប់យកមកហ្វឹកហាត់ជាមួយក្រុមថ្នាល»។
គួរបញ្ជាក់ផងដែរ សម្រាប់ដំណើរពង្រឹងសមត្ថភាពដល់សមាគម និងក្លិបចំណុះឲ្យសហព័ន្ធនោះ សហព័ន្ធកីឡាមួយនេះបានរៀបចំការប្រកួតជ្រើសរើសជើងឯកនៅតាមខេត្តចំនួន ៤ មានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អសម្រាប់ចូលរួមការប្រកួតកីឡាជាតិលើកទី២ ខាងមុខនេះ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់