រាជរដ្ឋាភិបាលត្រៀមចំណាយជិត ៦.០០០លានរៀលដើម្បីរៀបចំការប្រកួតកីឡាជាតិលើកទី២

នូ មករា March 27, 2018


‌ភ្នំពេញ៖ ការប្រកួតកីឡាជាតិលើកទី២ (2nd National Games) នឹងធ្វើពីថ្ងៃទី២៥ ខែឧសភាដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នេះដែលការប្រកួតគ្រោងឡើងធ្វើនៅរាជធានីភ្នំពេញ ខេត្តកំពត កែប និងកំពង់ធំ ។ មកទល់ពេលនេះមាន១៥រាជធានី-ខេត្ត និងក្រសួង៣គឺមហាផ្ទៃ ការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញ
វត្ថុបានចុះបញ្ជីចូលរួមប្រកួតរួចរាល់អស់ហើយ ។ ក្នុងនោះកីឡាចំនួន២៧ប្រភេទដែលមានចំនួន២៧៨វិញ្ញាសានឹងត្រូវដាក់ឲ្យប្រកួតនាឆ្នាំនេះ ។

បើតាមការឲ្យដឹងពីលោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាបានឲ្យដឹងថាការប្រកួតកីឡាជាតិលើកទីនេះរដ្ឋនឹងចំណាយលុយប្រមាណជាង៦.០០០លានរៀល ។ គួររំលឹកថា កាលពីប្រកួតកីឡាជាតិលើកទី១ឆ្នាំ២០១៦ដែលមានតែ១៥ប្រភេទកីឡានោះរដ្ឋបានចំណាយអស់ជិត៤.០០០លានរៀល ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាក៏បានត្រៀមសារលិខិតសម្រាប់ការប្រកួតនេះរួចហើយដែរដែលក្នុងសារលិខិតនោះបានបញ្ជាក់ថាការប្រកួតកីឡាជាតិលើកទី២នេះធ្វើឡើងក្រោមទិសស្លោកកីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ ។ លោក ថោង ខុន ប្រមុខអូឡាំពិកកម្ពុជាក៏បានបញ្ជាក់នៅក្នុងសាររបស់លោកថាការប្រកួតកីឡាជាតិលើកទី
២នេះគឺជាការប្រកួតកម្រិតជំនាញខ្ពស់បំផុតរបស់ជាតិដើម្បីវាស់ស្ទង់ ប្រៀបធៀប និង ផ្ទៀងផ្ទាត់គុណផលកីឡាជាតិ(National Performance)ជាមួយគុណផលកីឡាអន្តរជាតិ(International Performance)ដែលមានទាំងថ្នាក់តំបន់ ថ្នាក់ទ្វីប និង ថ្នាក់ពិភពលោក ។ ការប្រកួតកីឡាជាតិលើកទី២នេះមានមេដាយមាសចំនួន៥៨៤គ្រឿង មេដាយប្រាក់ចំនួន៥៨៤គ្រឿង និង មេដាយសំរឹទ្ធចំនួន៧០៣គ្រឿង ។ មេដាយសំរឹទ្ធច្រើនជាងគេបែបនេះដោយសារតែប្រភេទកីឡាខ្លះតម្រូវឲ្យមានមេដាយសំរឹទ្ធស្ទួន ។ លោក ហ៊ុន សាមុត បានឲ្យដឹងទៀតថាសៀវភៅបទបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស(General Rules and Technical Regulation)ត្រូវបានរៀបចំពុម្ពរួចរាល់អស់ហើយដែរ ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់