រាជធានីភ្នំពេញបង្ហាញពីប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី២

នូ មករា March 21, 2018


ភ្នំពេញ៖ រាជធានីភ្នំពេញបានរៀបចំរួចរាល់ហើយអំពីប្រភេទកីឡាដែលនឹងត្រូវដាក់ចូលរួមប្រកួតកីឡាជាតិលើកទី២ (2nd National Games) ដែលនឹងធ្វើនៅចុងខែឧសភា និងដើមខែមិថុនាខាងមុខនេះ ។ អ្នកស្រី កើត ស៊ីវណ្ណ អនុប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថាសម្រាប់រាជធានីភ្នំពេញបានសម្រេចចិត្តដាក់កីឡាចំនួន២១ប្រភេទចូលរួមប្រកួតតែសម្រាប់ប្រភេទកីឡាចំនួន៣ ដែលដាក់ចូលរួមប្រកួតគឺបាល់ទាត់ បាល់ទះក្នុងសាល និងបាល់បោះមានតែវិញ្ញាសាបុរសប៉ុណ្ណោះចំពោះនារីរាជធានីភ្នំពេញមិនមានឡើយ ។
សូមបញ្ជាក់ថា កាលពីប្រកួតកីឡាជាតិលើកទី១រាជធានីភ្នំពេញគឺជាអ្នកដែលដណ្ដើមបានមេដាយច្រើនជាងគេគឺរហូតដល់ទៅ១០២មេដាយដែលក្នុងនោះមេដាយមាសចំនួន៤១គ្រឿង ប្រាក់៣៤គ្រឿង និងសំរឹទ្ធ២៧គ្រឿង ។ លំដាប់ទី២ គឺក្រសួងមហាផ្ទៃដែលបានមេដាយសរុប៥៩គ្រឿងគឺមាស២៨គ្រឿង ប្រាក់១៦គ្រឿង និងសំរិទ្ធ១៥គ្រឿង ។ ចំណែកក្រសួងការពារជាតិដែលឈរលំដាប់ទី៣នោះបានមេដាយសរុប៥៥គ្រឿងគឺមាស២២គ្រឿងប្រាក់១៧គ្រឿង និងសំរឹទ្ធ ១៦គ្រឿង ។ ខេត្តត្បូងឃ្មំគឺជាខេត្តដែលរកមិនបានមេដាយមួយគ្រឿងសោះតែម្ដង ។ ការប្រកួតកីឡាជាតិលើកទី២នេះក្រសួងអប់រំយុវជន និងកីឡាដាក់កីឡាចំនួន២៧ប្រភេទឲ្យប្រកួតដែលកាលពីប្រកួតលើកទី១ឆ្នាំ២០១៦មានតែ១៥ប្រភេទ និង១៨៩វិញ្ញាសាប៉ុណ្ណោះ ។
នេះបើតាមការឲ្យដឹងពីលោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាប្រភេទកីឡាដែលរាជធានីភ្នំពេញដាក់ឲ្យប្រកួតមានបាល់ទាត់បុរស បាល់ទះក្នុងសាលបុរស បាល់បោះបុរស ប្រដាល់គុនខ្មែរ ប្រដាល់សាកល វាយកូនឃ្លីលើតុសីដក់ ស៊ូរិនហ្ស៊ិកាំប៉ូ អត្តពលកម្ម បេស្បល តេក្វាន់ដូWTF(World Taekwondo Federation)។ តេក្វាន់ដូITF(International Taekwondo Federation)ការ៉ាតេ វាយកូនបាល់ ទ្រីយ៉ាត្លុង បាញ់កាំភ្លើង ទោចក្រយាន ល្បុក្កតោ វ៉ូវីណាម ចំបាប់ និង ហែលទឹក ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់