កាយសម្ព័ន្ធកម្ពុជា កំណត់គោលដៅត្រូវឈ្នះមេដាយស៊ីហ្គេមក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២១

នូ មករា March 16, 2018


ភ្នំពេញ៖ នៅក្នុងផែនការមេឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាទទួលបានសិទ្ធិជាម្ចាស់ផ្ទះនោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្ដេជ្ញាយ៉ាងមុតមាំថា ត្រូវតែយកមេដាយឱ្យបានក្នុងកម្រិតណាមួយពីស៊ីហ្គេមនៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២១ ដើម្បីបង្ហាញភាពរីកចម្រើន និងអាចការពារមេដាយបានពិតប្រាកដក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
 
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាន់ណា បានមានប្រសាសន៍បែបនេះថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម ដាច់ខាតកម្ពុជាត្រូវតែយកជ័យជម្នះឲ្យបានទោះមេដាយមាស មេដាយប្រាក់ ឬមេដាយសំរឹទ្ធក៏ដោយទើបកម្ពុជាអាចស្ទាបស្ទង់ដឹងអំពីលទ្ធផលនៅពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣មកដល់។ សម្រាប់ស៊ីហ្គេមនៅហ្វីលីពីនកម្ពុជានឹងបញ្ជូនកីឡាករកាយសម្ព័ន្ធចូលរួមចំនួន ៣នាក់ និង ៦នាក់សម្រាប់ស៊ីហ្គេមនៅវៀតណាម។
លោកបានបញ្ជាក់ដែរថា មកដល់ពេលនេះសហព័ន្ធកំពុងរៀបចំឯកសារបញ្ជូនកីឡាករឆ្នើមចំនួន១៨នាក់ទៅបង្វឹកឲ្យបានខ្លាំងក្លានៅខេត្តណាននីង ប្រទេសចិន ខណៈភាគីចិនកំពុងពិភាក្សាលើបញ្ហាទទួលកីឡាករកាយសម្ព័ន្ធកម្ពុជា៨-១០នាក់ នៅចុងឆ្នាំ២០១៨នេះ យកទៅហ្វឹកហាត់រយៈពេល៣-៤ឆ្នាំ មុនត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ មួយវិញទៀត ប្រទេសជប៉ុនក៏បានសន្យាជួយសម្ភារៈហ្វឹកហាត់មួយចំនួនដល់កីឡាករកម្ពុជាផងដែរ សម្រាប់ប្រើប្រាស់ក្នុងពេលហ្វឹកហាត់នៅប្រទេសចិន។ ត្រង់ចំណុចនេះ លោកបានកោតសរសើរថា ក្លឹបដែលកម្ពុជានឹងបញ្ជូនកីឡាករទៅហ្វឹកហាត់នោះជាក្លឹបលំដាប់កំពូលមួយនៅក្នុងប្រទេសចិន៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់