កីឡាសីដក់ គ្រោងចូលរួមប្រកួតព្រឹត្តិការណ៍ King Cup World Championship នៅប្រទេសថៃ

នូ មករា March 16, 2018


ភ្នំពេញ៖ ក្នុងជំនឿចិត្តខ្ពស់ថាខ្លួនពិតជាអាចប្រជែងយកមេដាយមាសបាន ១០០% មែននោះសហព័ន្ធកីឡាសីប៉ាតាក្រកម្ពុជា (សីដក់) គ្រោងនឹងបញ្ជូនអត្តពលិករបស់ខ្លួនចំនួន ២៤នាក់ទៅចូលរួមប្រកួតព្រឹត្តិការណ៍ King Cup World Championship នៅព្រះរាជាណាចក្រថៃនាចុងឆ្នាំនេះ។ លោក ជាតិ ខេមរា គ្រូជម្រើសជាតិសីដក់បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានប្រទេសនៅលើពិភពលោកចូលរួមជាង ៣០ប្រទេសដោយចែកចេញជា២កម្រិត គឺA សម្រាប់ប្រទេសខ្លាំងៗ និងកម្រិតB សម្រាប់ប្រទេសដែលមានកម្រិតមធ្យម។
ជាពិសេសយ៉ាងយូ២ឆ្នាំទៀតសីដក់កម្ពុជានឹងឈានឡើងទៅប្រជែងមេដាយជាមួយប្រទេសខ្លាំងនៅក្នុងកម្រិតA ដែលមានថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសហ្វីលីពីនជាដើម ។ លោកបានបន្តថា អ្វីដែលធ្វើឲ្យលោកដាក់ក្តីរំពឹងខ្ពស់ថា ឆ្នាំនេះអាចនឹងនាំយកមេដាយមាសមកជូនកម្ពុជាពីព្រឹត្តិការណ៍កម្រិតពិភពលោកមួយនេះដោយសារតែលោកឃើញពីកម្រិតបច្ចេកទេសរបស់អត្តពលិករបស់ខ្លួនមានការកើនឡើងខ្លាំងយ៉ាងឆាប់រហ័ស ខណៈដែលកន្លងមកកម្ពុជាក៏ធ្លាប់ឈ្នះមេដាយនៅឆាកអន្តរជាតិជាច្រើនផងដែរនោះ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់