សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត Intermediate

នូ មករា March 13, 2018


ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាហែលទឹកកម្រិត Intermediate ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ។ បើតាមការឲ្យដឹងពី លោក ហែម គីរី ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនោះបានឱ្យដឹងថា​ វគ្គនេះគ្រោងនឹងបើកពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមីនា ហើយនេះគឺជាវគ្គសំខាន់មួយដែលសិក្សាលម្អិតទៅលើបទបញ្ជាប្រកួត តួនាទីរបស់គ្រូបង្វឹក ការត្រៀមខ្លួនមុនពេលប្រកួត និងអ្វីដែលគ្រូត្រូវបំពេញបន្ថែមបន្ទាប់ពីបញ្ចប់ការប្រកួតរួចរាល់ ។
សូមបញ្ជាក់ថា វគ្គនេះក៏ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងនូវសមត្ថភាព ចំណេះដឹង ក៏ដូចជាបទពិសោធ និងរំលឹកនូវបទបញ្ជារបស់កីឡាហែលទឹកដែលសិក្ខាកាមធ្លាប់សិក្សាក្នុងវគ្គបណ្តុះបណ្តាលកន្លងមក ។ តាមការគ្រោងទុកវគ្គនេះមានសិក្ខាកាមចំនួន ២៩នាក់ដែលមកពីស្ថាប័នពាក់ព័ន្ធនឹងកីឡាដូចជា នាយកដ្ឋានអប់រំកាយ និងកីឡា, អគ្គនាយកដ្ឋានកីឡា, ការិយាល័យ អប់រំកាយ និងកីឡាខេត្តបាត់ដំបង, ការិយាល័យអប់រំកាយ និងកីឡាខេត្តកំពង់ចាម, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, មជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំងបណ្តាក្លិបសមាគមកីឡាហែលទឹក ។
សម្រាប់វគ្គនេះនឹងប្រើប្រាស់ថវិកា ៣៥ភាគរយនៃគម្រោងថវិកាប្រចាំឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់