អ្នកស្រី កែ ឡេង ជឿជាក់ថា អាចដណ្តើមបានមេដាយនៅអាស៊ីហ្គេមឆ្នាំ២០១៩

នូ មករា March 12, 2018


ភ្នំពេញ៖ កីឡាការិនីប៉េតង់កម្ពុជាគឺអ្នកស្រី កែ ឡេង ដែលគេស្គាល់ថាជាវីរកីឡាការិនីធ្លាប់សាងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងទ្វីបអាស៊ី និងពិភពលោករហូតដណ្តើមបានមេដាយមាសពិភពលោក ៣គ្រឿងមកជូនជាតិនោះ កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងនាមជាម្ចាស់ផ្ទះទ្វីបអាស៊ីក្នុងឆ្នាំ២០១៩ ខាងមុខ។ ជាមួយគ្នានេះកីឡាការិនីរូបនេះបានមានប្រសាសន៍ថា អ្នកស្រីមិនទាន់ច្បាស់ថាខ្លួននឹងមានវត្តមានជាកីឡាការិនីប្រកួតតំណាងឲ្យកម្ពុជានៅឡើយនោះទេ ព្រោះសុខភាពរបស់អ្នកស្រីហាក់មិនសូវអំណោយផលដូចបណ្តាឆ្នាំមុនៗនោះទេពោលគឺអ្នកស្រីមានវ័យ៥៤ឆ្នាំហើយ ប៉ុន្តែបើសិនជាមានឱកាសអ្នកស្រីនឹងការពារតំណែងមេដាយរបស់ខ្លួនឱ្យបាន!
ចំពោះឆ្នាំ២០១៨នេះវិញ អ្នកស្រីត្រូវមានភារកិច្ចធំៗចំនួន២ គឺការប្រកួតកីឡាប៉េតង់ពានរង្វាន់ទ្វីបនៅប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌានៅពេលខាងមុខ ដែលជាភារកិច្ចចាំបាច់របស់អ្នកស្រីត្រូវតែបន្តការហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពជួយប្រជែងដណ្តើមយកមេដាយពីការប្រកួតជើងឯកអាស៊ីទាំង២នេះមកជូនកម្ពុជា ហើយក៏ជាការធ្វើតេស្តត្រៀមខ្លួនក្នុងការការពារតំណែងមេដាយទ្វីបអាស៊ីក្នុងឆ្នាំ ២០១៩ផងដែរ។ ម្ចាស់មេដាយមាសពិភពលោក៣គ្រឿងរូបនេះបានអះអាងថា ការប្រកួតពានរង្វាន់២ខាងលើនេះ អ្នកស្រីនឹងមិត្តរួមក្រុម ប្តេជ្ញាថានឹងដណ្តើមមេដាយជូនកម្ពុជាឲ្យបាន ប៉ុន្តែមិនច្បាស់ថាមេដាយមាស ប្រាក់ និងសំរិទ្ធនោះទេពោលគឺដឹងតែបានជាក់ជាមិនខាន៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់