សហព័ន្ធកីឡាចំបាប់កម្ពុជា ជ្រើសរើសបានអត្តពលិកឆ្នើម១៦នាក់ពីខេត្តកំពង់ឆ្នាំង

នូ មករា March 9, 2018


ភ្នំពេញ៖ ក្រោយពីបានឆ្លងកាត់ការចម្រាញ់ និងធ្វើតេស្ដកាលពីចុងសប្ដាហ៍មុនរួចមកនោះ សហព័ន្ធកីឡាចំបាប់កម្ពុជា ជ្រើសរើសបានកីឡាករ ១៤នាក់ និងកីឡាការិនី២នាក់មកពីខេត្តកំពង់ឆ្នាំងដែលសុទ្ធតែមានសមត្ថភាពល្អជាងគេ និងអាចចូលរួមប្រកួតកីឡាជាតិលើកទី២បានក្នុងខែឧសភាខាងមុខនេះ។ ការរៀបចំឲ្យមានការប្រកួតជ្រើសរើសជើកឯកនៅតាមខេត្តនេះមានសារៈប្រយោជន៍ណាស់ព្រោះបន្ទាប់ពីការប្រកួតនេះទៅខេត្តនីមួយៗអាចផ្គត់ផ្គង់ការហ្វឹកហាត់ដល់អត្តពលិកដែលជ្រើសរើសបានពីការប្រកួតដើម្បីធ្វើឲ្យពួកគេ មានសមត្ថភាពកាន់តែប្រសើរ ដូច្នេះការប្រកួតប្រជែងដណ្តើមយកមេដាយរបស់ខេត្តនីមួយៗ នាំឱ្យការប្រកួតកីឡាជាតិនឹងមានភាពស្វិតស្វាញខ្លាំងទៅតាមអ្វីដែលសហព័ន្ធចង់បាន។
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឱ្យដឹងថា៖ «អត្តពលិកទាំង ១៦នាក់នេះគឺមានទាំងជំនាញចំបាប់បុរាណ និងចំបាប់សម័យដែលមានប្រភេទទម្ងន់ខុសៗគ្នា ព្រោះការជ្រើសរើសនេះត្រូវធ្វើទៅតាមការកំណត់ និងបទបញ្ជាប្រកួតរបស់សហព័ន្ធកីឡាចំបាប់កម្ពុជាដែលបានចាត់មន្ត្រីបច្ចេកទេសរបស់ខ្លួនឲ្យចុះមកជួយរៀបចំទាំងលើការប្រកួត និងបច្ចេកទេសក្រោមការឧបត្ថម្ភពីលោក Casey Barnett ជាអនុប្រធានសហព័ន្ធ»។ លោកបានបន្តថា នេះជាខេត្តទី២ហើយដែលសហព័ន្ធបានធ្វើការចម្រាញ់ជ្រើសរើស ខណៈដែលលើកទី១ធ្វើនៅខេត្តពោធិ៍សាត់ហើយគម្រោងបន្តទៀតគឺខេត្តព្រៃវែង និងខេត្តកណ្តាលដែលគ្រោងធ្វើរួមគ្នាតែម្តង៕
អត្ថបទ៖ ប៉ាវឡុង ជីង
រូបភាព៖ សហព័ន្ធកីឡាចំបាប់កម្ពុជា

មតិយោបល់