វ៉ូវីណាមកម្ពុជាកំណត់គោលដៅ៤ចំនុចត្រៀមធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកឆ្នាំ២០១៩

នូ មករា March 9, 2018


ភ្នំពេញ៖ មុនឈានទៅសម្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកនៅឆ្នាំ២០១៩ខាងមុខនោះ សហព័ន្ធកីឡាមួយនេះបានកំណែទម្រង់ការផ្លាស់ប្តូរជម្រើសជាតិចាស់ជំនួសមកវិញដោយការជ្រើសរើសយុវជនវ័យក្មេង ការស្នើសុំគ្រូបង្វឹកកម្រឹតអន្តរជាតិមកបង្ហាត់ក្រុមជម្រើសជាតិ និងការផ្លាស់ប្តូរយុទ្ធសាស្រ្តហ្វឹកហាត់លើជំនាញដើម្បីបង្កើនធនធានគ្រូបង្វឹកជាដើម។

លោក អ៊ូ រតនា អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានឱ្យដឹងថា៖«ក្រោយពីទទួលបានជោគជ័យយ៉ាងធំធេងពីការប្រកួតជើងឯពិភពលោកនៅប្រទេសឥណ្ឌា កាលពីចុងឆ្នាំ២០១៧កន្លងទៅ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានដាក់គោលដៅធំៗចំនួន៤ រួមមាន៖ ទី១. បើកវគ្គចៅក្រមអាជ្ញាកណ្តាលថ្នាក់ជាតិ, ទី២. ប្រកួតជ្រើសរើសកីឡាករ កីឡាការិនីជម្រើសជាតិដោយសុក្រឹតយុត្តិធម៌, ទី៣. គម្រោងបើកកិច្ចប្រជុំត្រៀមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ និងទី៤. ការហាត់ត្រៀមការប្រកួតនិស្សិតឧត្តមសិក្សានៅសហភាពមីយ៉ាន់ម៉ា»។ លោកបានបន្ថែមថា គោលដៅទាំងអស់នេះសហព័ន្ធរៀបចំឡើងដើម្បីអភិវឌ្ឍន៍ធនធានកីឡាករ កីឡាការិនី និងចៅក្រមអាជ្ញាកណ្តាលក្នុងដំណើរឆ្ពោះទៅរកការត្រៀមខ្លួនសម្រាប់ការប្រកួតជើងឯកពិភពលោកឆ្នាំ២០១៩ ដែលកម្ពុជាគ្រោងនឹងស្នើសុំប្រមុខរដ្ឋាភិបាលធ្វើជាម្ចាស់ផ្ទះផងដែរនោះ។

លោកបានបន្តថា ចាប់តាំងពីអត្តពលិកវ៉ូវីណាមកម្ពុជាក្រសោបបានមេដាយយ៉ាងច្រើនពីការប្រកួតជើងឯកពិភពលោកនៅប្រទេសឥណ្ឌាកាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ សន្ទុះយុវជនវ័យក្មេងងាកមកចាប់អារម្មណ៍ និងចុះឈ្មោះចូលរួមហ្វឹកហាត់មានចំនួនច្រើនធ្វើឲ្យការរំពឹងទុកលើការប្រជែងមេដាយជាមួយប្រទេសចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដោយមានសង្ឈឹមខ្ពស់ថានឹងទទួលបានជោគជ័យជាមិនខាន៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់