តេក្វាន់ដូ ITF កម្ពុជា ប្ដេជ្ញាថានឹងបង្ហាញស្នាដៃឱ្យកក្រើកក្នុងឆ្នាំ២០១៨នេះ!

នូ មករា March 9, 2018


ភ្នំពេញ៖ ដើម្បីបង្ហាញពីសមត្ថភាពប្រភេទកីឡារបស់ខ្លួនថា ពិតជាមានសមត្ថភាពខ្លាំងពិតមែនដើម្បីទទួលបានសិទ្ធិពីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិជាម្ចាស់ផ្ទះនោះ សហព័ន្ធកីឡាតេក្វាន់ដូ ITF បានដាក់គោលដៅធំៗ២ ឲ្យទទួលបានជោគជ័យនៅក្នុងឆ្នាំ២០១៨។ គោលដៅធំៗចំនួន២ ដែលត្រូវធ្វើឲ្យបានល្អនៅក្នុងឆ្នាំ២០១៨នេះ គឺទី១. ការត្រៀមខ្លួនសម្រាប់ខ្លួនចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ និងត្រៀមអត្តពលិកសម្តែងក្នុងពិធីបិទ និងពិធីបើកកីឡាជាតិ និងទី២. ជំរុញពង្រឹងសមត្ថភាពអត្តពលិកហ្វឹកហាត់ត្រៀមប្រជែងដណ្តើមមេដាយមកជូនកម្ពុជាពីការប្រកួតជើងឯកទ្វីអាស៊ីនៅប្រទេសម៉ុងហ្គោលី នាអំឡុងខែឧសភា ឆ្នាំ២០១៨ខាងនេះ។
ជាមួយគ្នានេះ សហព័ន្ធក៏បានព្យាយាមជំរុញលើកទឹកចិត្តឲ្យអត្តពលិកតេក្វាន់ដូ ITFកម្ពុជាទាំងអស់ ត្រូវដាក់មហិច្ឆតាក្នុងចិត្តដោយត្រូវតែបង្កើនការអភិវឌ្ឍតេក្វាន់ដូ ITF ឲ្យមានសក្តានុពលដូចប្រភេទកីឡាផ្សេងៗទៀតរបស់កម្ពុជាដើម្បីត្រៀមប្រជែងដណ្តើមមេដាយលើឆាកអន្តជាតិ។ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានមានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំសហព័ន្ធបានព្យាយាមខ្លាំងណាស់ដើម្បីបង្ហាញពីស្នាដៃរបស់ខ្លួនក្នុងការប្រជែងយកមេដាយពីឆាកអន្តជាតិ មិនត្រឹមតែប៉ុណ្ណោះលោកបានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា បើកម្ពុជាដាក់បញ្ចូលប្រភេទកីឡានេះចូលក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ នឹងដណ្តើមបានមេដាយមាសជូនជាតិមាតុភូមិ ជាក់ជាមិនខាន។ ការអះអាងបែបនេះបន្ទាប់ពីមើលឃើញនូវសន្ទុះនៃភាពរីកចម្រើនរបស់តេក្វាន់ដូ ITF ដែលកំពុងមានសក្តានុពលយ៉ាងខ្លាំង ជាពិសេសការចូលរួមប្រកួតជាអន្តរជាតិមិនថាកម្រិតណាកីឡាមួយនេះតែងតែដណ្តើមបានមេដាយជារៀងរាល់លើកជាពិសេសការចូលរួមកម្រិតពិភពលោក គឺកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១០ក្នុងចំណោម៧០ប្រទេស។
ប្រធានសហព័ន្ធដ៏មានសក្តានុពលរូបនេះបានបញ្ជាក់ថា នៅពេលដែលសហព័ន្ធបង្កើតការប្រកួតឲ្យមានកាន់តែច្រើននាំឱ្យស្គាល់ខ្លួនឯងកាន់តែច្បាស់ ពិសេសអត្តពលិកាន់តែខ្លាំង ដោយស្គាល់ពីរបៀបប្រកួត តិចនិក និងបទពិសោធច្រើនពីដៃគូប្រកួតរបស់គេ។ ជាមួយគ្នានេះដែរសហព័ន្ធមានគោលបំណងក្នុងមួយឆ្នាំត្រូវតែបង្កើតក្លិប២ និងបង្កើតគេហទំព័រសហព័ន្ធកីឡាតេក្វាន់ដូ ITF ត្រៀមខ្លួនចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ រៀបចំពានរង្វាន់ថ្នាលឆ្នាំ២០១៨ ដែលមានឈ្មោះថា ជើងឯកពានរង្វាន់គោជល់ ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ចៅក្រម វគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡារបស់សហព័ន្ធ វគ្គបណ្តុះបណ្តាល គ្រូបង្គោលអាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងប្រកួតជើងឯកថ្នាក់ជាតិ២០១៨ជាដើម៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់