លោក ទេព រិទ្ធីវិត៖ ទោះចាញ់តែយើងបានពិសោធល្អៗពីដៃគូប្រកួតវាយកូនបាល់ ITF Junior 2018

នូ មករា March 6, 2018


ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធ លោក ទេព រិទ្ធីវិត បានមានប្រសាសន៍នៅក្នុងពិធីបិទការប្រកួត ITF Junior 2018 សប្តាហ៍ទី២ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ ក្នុងទឹកដីកម្ពុជាថា ទោះក្រុមម្ចាស់ផ្ទះបានចាញ់ក៏ពិតមែនប៉ុន្តែពួកគេទទួលបានពិសោធល្អៗពីដៃគូប្រកួត  និងបានដកស្រង់យកបច្ចេកទេសល្អៗជាច្រើនពីបណ្ដាប្រទេសផ្សេងទៀតដែលបានចូលរួមប្រកួត ។
លោកបានបន្ថែមថា នេះជាការដកស្រង់បទពិសោធបន្ថែមទៀតទៅលើអត្តពលិករបស់កម្ពុជាដែលបានចូលរួមប្រកួតលក្ខណៈអន្តរជាតិមួយនេះដោយទោះបីជាមិនអាចប្រជែងយកពានរង្វាន់ ឬក៏ចំណាត់ថ្នាក់ល្អនៅក្នុងការប្រកួតនេះក៏ដោយក៏ការប្រកួតនេះបានផ្តល់បទពិសោធ ចំណេះដឹង និងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានាដែលចូលរួមប្រកួត ។ លោកបន្តថា ការធ្វើម្ចាស់ផ្ទះ គឺផ្ដល់គុណប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា ដោយចំណេញទាំងសហព័ន្ធ និងការរឹងចំណងមិត្តភាពប្រទេសក្នុងតំបន់ ប៉ុន្ដែអ្វីដែលសំខាន់គឺក្រុមអត្តពលិកវ័យក្មេងកម្ពុជាទទួលបាននូវបទពិសោធ បច្ចេកទេសតាមរយៈការប្រកួតជាមួយអត្តពលិកក្នុងតំបន់ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍ផ្សេងជាច្រើនទៀត ជាពិសេសស គឺស៊ីហ្គេម ឆ្នាំ២០២៣។
បទពិសោធនលើកនេះ ក៏ជាគោលដៅមួយដែលជំរុញឱ្យកីឡាកររបស់យើងនឹងធ្វើឱ្យបានល្អនៅក្នុងការប្រកួតលើកក្រោយៗទៀតជាពិសេសគឺការត្រៀមធ្វើជាម្ចាស់ផ្ទះ ITF Junior 2018 ម្ដងទៀតនៅចុងនេះ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០១៨នេះសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានធ្វើម្ចាស់ផ្ទះទទួលភ្ញៀវមកពី ១៦ប្រទេសរៀបចំព្រឹត្តការណ៍កីឡាវាយកូនបាល់ឯកយុវជនសហព័ន្ធអន្តរជាតិ ITF JUNIOR បាន៣លើកហើយ ដោយឡែកឆ្នាំនេះគឺឆ្នាំដំបូងដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ២ដងម្នាក់ឯង៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់