សហព័ន្ធកីឡាហែលទឹក ជម្រុះថ្នាលជាង១០០នាក់ដើម្បីត្រៀមសុីហ្គេម២០២៣

នូ មករា March 6, 2018


ភ្នំពេញ៖ ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេមចំនួន២ទៀត ពោលគឺឆ្នាំ២០១៩ និងឆ្នាំ២០២១ នៅក្រៅប្រទេសនោះ សហព័ន្ធកីឡាហែលទឹកកម្ពុជា បានសម្រេចធ្វើការជម្រុះជ្រើសរើសអត្តពលិកថ្នាលជាង១០០នាក់ ដើម្បីជ្រើសរើសទៅចូលរួមប្រកួតក្នុងការប្រកួតស៊ីហ្គេមខាងលើ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខាងមុខ ។ អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានមានប្រសាសន៍ថា ដើម្បីទទួលបានជោគជ័យនៅស៊ីហ្គេមក្នុងឋានៈជាម្ចាស់ផ្ទះនោះ សហព័ន្ធមិនត្រឹមតែបណ្តុះបណ្តាលថ្នាលយុវជនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើនបច្ចេកទេសដល់អត្តពលិក គ្រូបង្វឹក មន្ត្រីបច្ចេកទេសឲ្យមានកម្រិតបច្ចេកទេសអន្តរជាតិផងដែរ តាមរយៈការបញ្ជូនទៅសិក្សាបន្តនៅក្រៅប្រទេសដូចជាប្រទេសខ្លាំងនៅអាស៊ីមានដូចជា ចិន ជប៉ុន ជាដើម។
លោកបានបន្តថា វគ្គជម្រុះនេះបានធ្វើតេស្តអត្តពលិកថ្នាលជាង ១០០នាក់ ដោយសហព័ន្ធគ្រោងរៀបចំនៅចុងឆ្នាំ២០១៨នេះ តែមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។ ហើយនេះក៏ជាផែនការមេរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺកីឡាហែលទឹក និងអត្តពលកម្មនេះត្រូវបានចាត់ទុកជាប្រភេទកីឡាឈរនៅលំដាប់ជួរមុខគេក្នុងចំណោម ៣៦ប្រភេទកីឡាក្នុងការដណ្តើមមេដាយពីព្រោះ២ប្រភេទកីឡានេះមានវិញ្ញាសាច្រើនជាងគេដែលមានរហូតដល់ជាង ១០០វិញ្ញាសាឯណោះ។
លោកបានបន្ថែមថា ដូច្នេះមុនដល់ការត្រៀមម្ចាស់ផ្ទះស៊ីហ្គេមនោះគឺយើងត្រូវខិតខំឲ្យអស់ពីលទ្ធភាពដែលខ្លួនមានពោលគឺត្រូវតែឈ្នះមេដាយក្នុងកម្រិតណាមួយក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីននាឆ្នាំ២០១៩ ដោយលោកបានលើកឧទាហរណ៍ថា យើងត្រូវឈ្នះមេដាយសំរឹទ្ធ១ ឬ២ ហើយនៅស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម ដាច់ខាតត្រូវតែឈ្នះនូវមេដាយប្រាក់១ ដោយកម្រិតមេដាយត្រូវតែឲ្យខ្ពស់ជាងមុន៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់