តេក្វាន់ដូ ITF កម្ពុជាត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ក្រៅប្រទេសចំនួន ៣ ក្នុងឆ្នាំនេះ

នូ មករា March 6, 2018


ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានប្រកាសថា នាឆ្នាំ២០១៨នេះតេក្វាន់ដូរបស់លោកត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួន ៣ នៅក្រៅប្រទេស ។ លោកបានបន្តថា នៅថ្ងៃទី៨ ដល់ទី១៣ ខែឧសភាឆ្នាំ២០១៨ ក្រុមកម្ពុជានឹងចូលរួមការប្រកួតជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៩ នៅប្រទេសម៉ុងហ្គោលី,​ ការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់អាស៊ីលើកទី១សម្រាប់សិស្សវិទ្យាល័យ (1st Asia ITF Taekwondo School Championship) នៅប្រទេសម៉ាឡេស៊ី និងការប្រកួតជ្រើសរើសជើងឯកពិភពលោក យុវជន និងឈុតធំ នៅប្រទេសបេឡារុស ។
លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធក៏បានឲ្យដឹងដែរថា សហព័ន្ធមានភាពងាយស្រួលដោយត្រូវបានក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ឲ្យមានការប្រមូលផ្តុំក្មរុជម្រើសជាតិប្រចាំដូចសហព័ន្ធផ្សេងៗទៀត និងបានជួយសម្រួលនូវរាល់ឯកសារបែបបទផ្សេងៗសម្រាប់ការចូលរួមប្រកួតអន្តរជាតិរួមទាំងគាំទ្រនូវថវិកាមួយផង។ ជាមួយគ្នានេះលោកបានបន្ថែមថា សហព័ន្ធក៏មានការយកចិត្តទុកដាក់ពីសំណាក់លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដែលតែងគាំទ្រ និងផ្តល់ទីកន្លែងហ្វឹកហាត់ សម្រាប់ក្រុមជម្រើសជាតិ អ្វីដែលពិសេសនោះគឺសហព័ន្ធគឺមានថ្នាក់ដឹកនាំដែលពោរពេញដោយថាមពលជាការលះបង់ខ្ពស់ទាំងថវិកាផ្ទាល់ខ្លួន កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាសម្រាប់ការអភិឌ្ឍសហព័ន្ធមួយនេះឈានទៅរកវឌ្ឍនភាព និងភាពលេចធ្លោស្មើមុខមាត់ជាមួយសហព័ន្ធជាតិដទៃទៀត៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់