NOCC បើកឱ្យមហាជនចូលទស្សនា និងថតរូបប្លង់គំរូពហុកីឡដ្ឋានជាតិមរតកតេជោ

នូ មករា March 6, 2018


ភ្នំពេញ៖ មុនការសាងសង់រួចរាល់នៃពហុកីឡដ្ឋានមរតកតេជោដែលជាស្ដាតថ្មីរបស់កម្ពុជាសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០២៣នោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសដល់សាធារណជនទាំងអស់ អាចមកទស្សនា និងថតរូបជាមួយនឹងប្លង់គំរូនៅទីស្នាក់ការរបស់ NOCC បានដោយសេរី។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍ថា សម្រាប់រូបភាពគំរូដែលតាំងបង្ហាញនេះជាតំណាក់កាលទី២ ក្រោមជំនួយរបស់រដ្ឋាភិបាលចិនប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិកដោយទីលានបាល់ទាត់ខ្នាតអន្តរជាតិមួយអាចផ្ទុកមនុស្សបានចំនួន៦ម៉ឺននាក់ ហើយប្រសិនបើមានបញ្ហាអ្វីកើតឡើងជាយថាហេតុគឺ៦ម៉ឺននាក់នេះអាចត្រូវបានជម្លៀសចេញក្រៅក្នុងរយៈពេលតែ៧នាទីប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោកសាងឡើងមានរចនាបទជារបស់ខ្មែរដែលមានរូបរាងជាសំពៅបញ្ជាក់អំពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ជាពិសេសគឺមានប្រព័ន្ធនៅជុំវិញកីឡដ្ឋានដើម្បីឲ្យមានភាពត្រជាក់ត្រជុំគង់វង្សយូរអង្វែងដូចទៅគ្នានឹងប្រាសាទអង្គរ ។ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងត្រៀមស្វាគមន៍ប្រទេសក្នុងតំបន់អាស៊ាន១១ប្រទេសនាឆ្នាំ២០២៣ នៃព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២។

កីឡដ្ឋានមួយនេះបានសាងសង់ជាពីរតំណាក់កាល ក្នុងនោះតំណាក់កាល ទី១បានរួចរាល់នឹងសម្ភោធដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៧ជាទឹកប្រាក់របស់រដ្ឋាភិបាលកម្ពុជាក្នុងទំហំទឹកប្រាក់ជាង ៣០លានដុល្លារ។ គួរបញ្ជាក់ផងដែរថា តាមគម្រោងកីឡដ្ឋាននេះនឹងរួចរាល់ដាក់ឲ្យដំណើររការក្នុងឆ្នាំ២០២១ ដែលអាចរៀបចំនូវការប្រកួតកីឡាជាអន្តរជាតិធំៗនៅទីនោះបានមុនព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ចូលមកដល់៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់