ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបឆ្នាំនេះនឹងធ្វើនៅស្ដាតមរតកតេជោ

នូ មករា February 28, 2018


 ភ្នំពេញ៖ បន្ទាប់ពីជោគជ័យ២ដងរួចមកសហព័ន្ធកីឡាយានយន្តកម្ពុជា បានប្រកាសបើកការប្រកួតប្រណាំងម៉ូតូលើវាលរាបម្ដងទៀតដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមីនា ខាងមុខនេះនៅលើទីលានពហុកីឡដ្ធានមរតកតេជោ ដោយមានសង្ឃឹមថានឹងល្អប្រសើជាងឆ្នាំមុនៗទាំងកមិ្រតបច្ចេកទេស និងការគាំទ្រពីមហាជន។ លោក ពៅ តិចឡេង អ្នករៀបចំទូទៅរបស់ព្រឹត្តិការណ៍ (KARA) បានឱ្យដឹងថា៖ «ព្រឹត្តការណ៍ប្រណាំងម៉ូតូលើវាលរាបបែបនេះនៅស្រុកគេមានជាយូឆ្នាំមកហើយៗក៏ជាកីឡាដ៏ពេញនិយមទៀតផង ដែលក្នុងមួយឆ្នាំយ៉ាងតិចត្រូវបានគេរៀបចំប្រកួត២ដងដែរ។ ចំណែកនៅស្រុកខ្មែរទើបតែរៀបចំធ្វើឡើងបាន៣ដងប៉ុណ្ណោះ​ដោយសម្រាប់ការប្រកួតឆ្នាំមុនមានកីឡាករថៃនិងវៀតណាមចូលរួម ដោយឡែកឆ្នាំនេះយើងទើបតែប្រកាសចុះឈ្មោះប្រកួតនៅមិនទាន់ដឹងថាមានកីឡាករប៉ុន្មាននាក់ចូលរួមប្រកួតនោះទេ ហើយក៏មិនដឹងថាមានប្រទេសណាខ្លះមកចុះឈ្មោះប្រកួតដែរ» ។
សូមបញ្ជាក់ថា គណៈកម្មការរៀបចំការប្រកួតបានកំណត់ចំនួនអ្នកចូលរួមប្រកួតជាមុនរួចហើយក្នុង១កម្រិតកំណត់យកកីឡាករចាប់ពី ១២នាក់ដល់១៥នាក់ ចំណែកកម្រិត Edurance អាចកំណត់ឱ្យចាប់ពី ១៥នាក់ដល់២០នាក់។ លោកបានបន្តថា៖ «ព្រឹត្តិការណ៍នេះកាលពីឆ្នាំមុនយើងបានរៀបចំធ្វើនៅខេត្តបាត់ដំបង មានអ្នកមកចូលរួមទស្សនាគាំទ្រយ៉ាងច្រើនកុះករ។ដូច្នេះ តាមការវាយតម្លៃពីអ្នកឯកទេសខាងរៀបចំ KARA សង្ឃឹមថាព្រឹត្តិការណ៍ប្រណាំងម៉ូតូឆ្នាំនេះអាចនឹងមានអ្នកមកចូលរួមទស្សនាគាំទ្រមិនតិចជាង៦ពាន់នោះទេ ដោយផ្អែកទៅលើភូមិសាស្ត្រក៏ល្អ ទីធ្លាធំទូលាយទៀតផង»។
លោកបន្តថា៖«នេះគឺជាឆ្នាំទី៣ ដែលទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហើយការប្រកួតឆ្នាំនេះមានការខុសប្លែកជាងឆ្នាំមុន ដោយមានការប្រែប្រួលបទបញ្ជាប្រកួតខ្លះៗ ចំណែកវិញ្ញាសាប្រកួតក៏កើនឡើងជាមុនដែរដោយសម្រេចដាក់ចំនួន ៥វិញ្ញាស មានដូចជា កម្រិតAប្រភេទម៉ូតូកែឆ្នាំ ដែលមានកម្លាំង១៥០CC, កម្រិតBម៉ូតូអង់ប្រ៊ីយ៉ា ដែលមានកម្លាំងចាប់ពី១៣៥cc ដល់១៥០cc, កម្រិតC ម៉ូតូអង់ប្រ៊ីយ៉ាដូចគ្នា មានកម្លាំង១២៥cc ម៉ូតូប្រភេទលេខអូតូមានកម្លាំង ១១០ccដល់១២៥cc និងការប្រណាំងម៉ូតូជាក្រុមប្រភេទ (Endurance) ដែលមានកម្លាំងចាប់ពី១៣៥ccដល់២១០ccប្រើថេរវេលា២ម៉ោង៣០នាទី វិញ្ញាសាមួយនេះមិនធ្លាប់មានពីមុនមកឡើយ។
លោកបានសង្កត់ធ្ងន់ថា៖​ «គោលបំណងដែល KARA រៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតប្រណាំងម៉ូតូនេះឡើងជារៀងរាល់ឆ្នាំគឺដើម្បីចង់ឱ្យអ្នកបើកបរទាំងអស់មានការយល់ដឹងពីច្បាប់ចរាចរណ៍នាំគ្នាគោរពច្បាប់ចរាចរណ៍ និងចូលរួមបំផុសដល់យុវជនឱ្យនាំគ្នាលេងកីឡាឱ្យបានច្រើនជាពិសេសចូលរួមបំផុសដល់វិស័យកីឡាមួយនេះឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ គួរបញ្ជាក់ផងដែរថា ម៉ូតូប្រណាំងប្រភេទនេះត្រូវមានគ្នាយ៉ាងតិច២នាក់ឡើងទៅហើយអ្នកបើកបរម្នាក់មិនអាចជិះឱ្យលើសពី៣០នាទីនោះទេ ពោលគឺត្រូវតែប្ដូរអ្នកផ្សេងវិញ ចំណែកការប្រណាំងត្រូវកំណត់ជុំសម្រាប់ការចាញ់ឈ្នះ បានន័យថាក្នុងរយៈពេល២ម៉ោង៣០នាទីនេះអ្នកណាជិះបានច្រើនជុំជាងគឺជាអ្នកឈ្នះ។ ចំពោះតម្លៃចុះឈ្មោះប្រកួតចាប់ពីកម្រិតAដល់D ក្នុង១នាក់មានតម្លៃ ៥០ដុល្លារ និងប្រភេទ Endurance ត្រូវបង់១០០ដុល្លារ រីឯអាយុដែលត្រូវកំណត់ឱ្យចូលរួមប្រកួតអាយុចាប់ពី ១២ឆ្នាំដល់១៨ឆ្នាំត្រូវសុំការអនុញ្ញាត្តិពីឪពុកម្ដាយនិងអាណាព្យាបាលជាមុនសិន ហើយសម្រាប់អាយុចាប់ពី ១៨ឆ្នាំឡើងអាចមកចុះឈ្មោះប្រកួតខ្លួនឯងបាន៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់