បន្ទាប់ពីវះកាត់ជង្គង់រួចមក ​កីឡាការិនី ស៊ន សៀវម៉ី បានចូលហ្វឹកហាត់ឡើងវិញហើយ

នូ មករា February 28, 2018


ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានចាប់ផ្ដើមចូលហ្វឹកហាត់ឡើងវិញហើយបន្ទាប់ពីបានឆ្លងកាត់វះកាត់ជង្គង់កាលពីប៉ុន្មានខែមុននៅសាធារណរដ្ឋកូរ៉េរួចមកនោះ ដោយនាសព្វថ្ងៃនេះក្នុងមួយថ្ងៃកីឡាការិនីរូបនេះហ្វឹកហាត់ ២ពេលព្រោះឆ្នាំនេះមានការប្រកួតចំនួនពី ២ទៅ៣លើកនៅក្រៅប្រទេស ។ លោក ឆយ យ៉ុងសុក (Choi Yong Sok) ដែលជាគ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិបានឱ្យដឹងថា ជង្គង់របស់ សៀវម៉ី បានជាសះស្បើយហើយ ដោយពេលនេះនាងកំពុងហ្វឹកហាត់ដោយគ្មានបញ្ហាអ្វីទាំងអស់ ។ លោកបានបន្តថា អ្វីដែលសំខាន់កីឡាការិនីកំពូលរបស់កម្ពុជារូបនេះត្រៀមខ្លួនដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗនៅក្រៅប្រទេស ។

គួរបញ្ជាក់ថា ស៊ន សៀវម៉ី បានកើតនៅឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០១១ បានចាប់ផ្ដើមហ្វឹកហាត់កីឡាតេក្វាន់ដូ ហើយនៅក្នុងឆ្នាំ២០១១ នេះដែរកីឡាការិនីរូបនេះបានចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេមជាលើកដំបូងគឺស៊ីហ្គេមលើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី ដោយដណ្ដើមបានមេដាយសំរឹទ្ធ១គ្រឿង ។ លុះដល់ឆ្នាំ២០១២ កីឡាការិនីរូបនេះមានឱកាសចេញទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍លើកទី១៦ នៅប្រទេសឡាវដោយដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងដែរ ។ ក្រោយមកនៅឆ្នាំ២០១៣ រាសីរបស់កីឡាការិនីរូបនេះហាក់ដូចជាលោតខ្ពស់មែនទែន ដោយក្នុងឱកាសចេញទៅប្រកួតកីឡាស៊ីហ្គេមលើក២៧ នៅប្រទេសមីយ៉ាន់ម៉ា សៀវម៉ី ដណ្ដើមបានមេដាយមាសមួយគ្រឿងដែលនេះជាមេដាយខ្ពស់ដំបូងបំផុតក្នុងជីវិតរបស់នាង ។

ក្រោយមកក្នុងឆ្នាំ២០១៤ យីអ៊ុនរបស់ សៀវម៉ី កាន់តែខ្ពស់ត្រដែតឡើងថែមទៀតដោយសារនាងដណ្ដើមបានមេដាយមាសក្នុងការប្រកួតកីឡាអាស៊ី ASIAN Games លើកទី១៧ នៅទីក្រុងអ៊ីនឈ័ន នៃសាធារណរដ្ឋកូរ៉េ ដូច្នេះ សៀវម៉ី បានក្លាយជាជនជាតិខ្មែរដំបូងគេដែលដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាអាស៊ី ។ ជាមួយនឹងការដណ្ដើមបានមេដាយ កម្រិតអាស៊ីជាលើកដំបូងនេះ សម្ដេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន បានរង់ចាំស្វាគមន៍កីឡាការិនីរូបនេះនៅវិមានសន្តិភាពទាំងកណ្ដាលយប់ព្រមទាំងផ្ដល់គោរម្យងារដល់នាងជាវីរៈកីឡាការិនីថែមទៀតផង ។ ដោយឡែកនាឆ្នាំ២០១៦ ក្នុងការប្រកួតជម្រុះកីឡាអូឡាំពិកនៅប្រទេសហ្វីលីពីនវិញ សៀវម៉ី បន្តដណ្ដើមបានមេដាយមាសពីការប្រកួតជម្រុះនេះព្រមទាំងដណ្ដើមបានមេដាយប្រាក់មួយគ្រឿងពីការប្រកួតតេក្វាន់ដូជើងឯកអាស៊ីលើកទី១៨ទៀតផង ។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧កន្លងមកនេះ ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាសមួយគ្រឿងទៀតផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់