សហព័ន្ធកីឡាហែលទឹក នឹងដឹកនាំកីឡាករ កីឡាការិនីទៅបោះជំរុំហ្វឹកហាត់នៅខេត្តកំពង់ចាម

នូ មករា February 28, 2018


ភ្នំពេញ៖ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរកីឡាហែលទឹកនឹងដឹកនាំក្រុមកីឡាហែលទឹកជម្រើសជាតិទៅបោះជំរុំហ្វឹកហាត់រយៈពេល ៥ថ្ងៃនៅមជ្ឈមណ្ឌលហែលទឹកតេជោសែននាខេត្តកំពង់ចាមដោយនឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី៤ ខែមីនា ខាងមុខនេះ ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា ការបោះជម្រំហ្វឹកហាត់នេះស្ថិតក្រោមការត្រួតពិនិត្យរបស់គ្រូបង្វឹកចំនួន ៥រូបដែលមានទាំងគ្រូស្ម័គ្រចិត្តជនជាតិជប៉ុន គ្រូកម្ពុជា និងគ្រូនៅខេត្តកំពង់ចាមផ្ទាល់តែម្តង ។ ការបោះជំរុំនេះធ្វើឡើងដើម្បីឲ្យកីឡាករ-កីឡាការិនីយល់ដឹងការបោះជំរុំដែលជាបញ្ហាសំខាន់ណាស់សម្រាប់កីឡាកម្រិតខ្ពស់ព្រោះការហ្វឹកហាត់ត្រូវតែមានការផ្លាស់ប្ដូរទីតាំងហ្វឹកហាត់ឲ្យបានច្រើនកន្លែងទើបល្អ ។

ការធ្វើបែបនេះគឺដើម្បីឲ្យពួកគេបន្សាុំខ្លួនជាបណ្ដើរៗជាមួយការរស់នៅ ហូបចុក ស្នាក់នៅ និងហាត់ជុំគ្នាដើម្បីឲ្យទៅជាទម្លាប់នៅពេលដែលចេញទៅប្រកួតនៅក្រៅប្រទេស ។ លោកអគ្គលេខាធិកាបានបន្ដថា លោកមានគោលបំណង ៣ ទើបលោកបង្កើតឲ្យមានការបោះជំរុំបែបនេះហើយនៅប្រទេសគេកីឡាកម្រិតខ្ពស់ក៏ធ្វើបែបនេះដែរ ។ ក្នុងនោះបំណងទី១ គឺធ្វើឲ្យគេចេះរស់នៅដោយសាមគ្គីគ្នា ចំណែកគោលបំណងទី២ ធ្វើឲ្យគេមានវិន័យគោរពពេលម៉ោងហ្វឹកហាត់ និងទី៣ ឲ្យគេចេះស្រឡាញ់រាប់អានគ្នាឲ្យដូចពាក្យចាស់ថានៅផ្ទះម្ដាយទីទៃនៅព្រៃម្ដាយតែមួយ ។ សូមបញ្ជាក់ថា ការហ្វឹកហាត់បោះជំរុំនេះមានកីឡាករ-កីឡាការិនីជម្រើសជាតិពីភ្នំពេញទៅចំនួន ១១រូប និងកីឡាករ-កីឡាការិនីថ្នាលនៅខេត្តកំពង់ចាមចំនួន ១៤រូប ហើយពួកគេនឹងហ្វឹកហាត់រួមគ្នាក្នុងរយៈពេល ៥ថ្ងៃដោយស្នាក់នៅជាមួយគ្នានាមជ្ឈមណ្ឌលហែលទឹកតេជោសែនរួមគ្នាតែម្ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់