អគ្គនាយកកីឡា សង្កត់ធ្ងន់ដល់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្តគួរតែពង្រឹងគោលដៅលើវិស័យកីឡាផង!

នូ មករា February 28, 2018


ភ្នំពេញ៖ ប្រធានអាជ្ញាធរកីឡាគឺ លោក អ៊ុក សិទ្ធិជាតិ បានសំណូមពរឲ្យបណ្ដាប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តទាំង២៥ត្រូវបើកបេះដូងឲ្យទូលាយសម្រាប់វិស័យកីឡាផង ព្រោះកីឡាជាអនុវិស័យមួយក្នុងចំណោមអនុវិស័យទាំង៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសរាល់ថវិកាដែលក្រសួងទម្លាក់ទៅឲ្យរាជធានី-ខេត្តគឺមួយផ្នែកត្រូវបានប្រើប្រាស់សម្រាប់កីឡា ដោយមិនមែនចំណាយតែទៅលើការប្រកួត និងបេសកកម្មនោះទេ ប៉ុន្តែត្រូវគិតគូរទៅលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សទៀតផង ។
 
ជាមួយគ្នានេះ លោកបានបន្ថែមថា គេក៏ត្រូវគិតទៅដល់ការអនុវត្តការងារអប់រំកាយក្នុងម៉ោងសិក្សាឲ្យបានមួយសប្ដាហ៍២ម៉ោងផង ព្រោះពាក្យថាធនធានមនុស្សគឺមានទាំងមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និងធនធានកីឡា ។ លោកបានសង្កត់ធ្ងន់ថា៖ «មកដល់យុគសម័យនេះហើយគ្រាន់តែខេត្តមួយរៀបចំការប្រកួតកីឡាក៏សុំមន្ត្រីបច្ចេកទេសពីថ្នាក់កណ្ដាលទៅដែរនោះ តើវាមានន័យយ៉ាងម៉េចទៅវិញ? បន្ទាប់ពីការកែទម្ងន់លើរចនាសម្ព័ន្ធកីឡាតាំងពីឆ្នាំ២០១៣ មកនោះគួរតែអ្វីៗមានការអភិវឌ្ឍជាលំដាប់។​ ពេលនេះសហព័ន្ធជាតិបានកែទម្រង់អស់ហើយចុះការិយាល័យអប់រំកាយ និងកីឡារាជធានី-ខេត្តបានធ្វើអ្វីខ្លះដែរហើយនៅពេលនេះ?»
លោកក៏បានបញ្ជាក់ដែរថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តត្រូវតែពន្យល់ដល់ប្រធានមន្ទីរអំពីបញ្ហាកីឡាពីការកែទម្រង់កីឡាដើម្បីឲ្យមានគុណភាពល្អ និងគុណផលខ្ពស់ ដោយរាល់ការប្រកួតទាំងអស់ត្រូវតែធានាគុណភាព និងគុណផលមិនមែនជាការប្រកួតដើម្បីប្រកួតនោះទេ ជាងនេះទៅទៀត កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ ដូច្នេះបើគ្មានការតម្រង់ទិសទេនោះ នាឆ្នាំ២០២៣ កម្ពុជានឹងមិនមានអ្វីទាល់តែសោះតែម្តង!
អត្ថបទ៖ វ៉ាន្នី

មតិយោបល់