កត្តាជើងហោះហើរនៅតែជាបញ្ហាក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ

នូ មករា February 23, 2018


ភ្នំពេញ៖ បញ្ហាប្រឈមគ្មានជើងយន្តហោះផ្ទាល់មកកាន់ក្រុងព្រះសីហនុបានក្លាយជាបញ្ហាប្រឈមសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិមករត់កម្សាន្តនៅក្នុងព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុង នៅលើដែនដីឆ្នេរសមុទ្រមួយនេះ ពោលគឺមិនទាន់ដោះស្រាយចេញនៅឡើយ ខណៈព្រឹត្តិការណ៍កីឡាបែបនេះបានទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើននៅតំបន់អង្គរខេត្តសៀមរាប ។​​ សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិក្រុងព្រះសីហនុលើកទី៧នឹងរៀបចំនៅថ្ងៃទី១១ ខែមីនាខាងមុខដោយគណៈកម្មការរៀបចំរំពឹងយ៉ាងហោចណាស់មានអ្នកចូលរួមជាង ២,០០០នាក់។
   
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានធ្វើការកត់សម្គាល់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុចំនួនអ្នកចូលរួមមិនមានការកើនឡើងច្រើនដូចពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិនៅអង្គរវត្តឡើយ នេះព្រោះកត្តាជើងយន្តហោះជាមូលហេតុមិនសូវមានជនបរទេសចូលរួម ដោយពួកគេមិនចង់ជិះយន្តហោះមកភ្នំពេញ ឬសៀមរាបហើយទើបបន្តដំណើរតាមរថយន្ដមកកាន់ខេត្តព្រះសីហនុទេ ព្រោះគេនឹងបាត់បង់កម្លាំងក្នុងការធ្វើដំណើរ។
ប៉ុន្ដែទោះជាបែបនេះក្ដី ថ្នាក់ដឹកនាំ NOCC នៅតែមានជំនឿចិត្តយ៉ាងមុតមាំក្នុងការទាក់ទាញភ្ញៀវបរទេសមកចូលរួមឲ្យបានកាន់តែច្រើន និងជំរុញព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ ឲ្យកាន់តែជោគជ័យនាពេលអនាគតដូចជាទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរដែរ ដោយសារបច្ចុប្បន្នខេត្តព្រះសីហនុ កំពុងរីកចម្រើនខ្លាំងក្នុងនោះគម្រោងសាងសង់ផ្លូវហាយវ៉េពីរាជធានីភ្នំពេញក៏ខិតជិតនឹងចាប់ផ្ដើមដែរ។ ហេតុនេះ NOCC ជឿជាក់ថា នៅថ្ងៃអនាគតចំនួនអ្នកចូលរួមរត់នៅក្រុងព្រះសីហនុនឹងមានកំណើនច្រើនជាងឆ្នាំកន្លងមក។
 
គួររំលឹកថា មកដល់ពេលនេះថ្នាក់ដឹកនាំរបស់ NOCC កំពុងពិភាក្សាជាមួយអាជ្ញាធរដែនដី មន្ទីរទេសចរណ៍ខេត្ត និងតាមកាស៊ីណូប្រចាំនៅខេត្តព្រះសីហនុ ឱ្យពួកគេជួយធ្វើការផ្សព្វផ្សាយដើម្បីឲ្យកាន់តែអាចទាក់ទាញអ្នកទេសចរណ៍ចិនមកចូលរួមរត់ទោះបីគេរត់កម្សាន្តចម្ងាយ៣គីឡូម៉ែត្រ ជាលក្ខណៈគ្រួសារក៏បានដែរ ហើយប្រសិនបើយុទ្ធនាការនេះបានជោគជ័យដោយមានអ្នកទេសចរណ៍ចូលរួមរត់ច្រើននោះ នៅឆ្នាំក្រោយគេអាចនឹងដំឡើងឲ្យទៅព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដែលមានចម្ងាយ៤២,១៩៥គីឡូម៉ែត្រ (Full Marathon)តែម្ដង ។
 
ដោយឡែកលោក សែម ផល្លា អ្នកបច្ចេកទេសរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះបានបញ្ជាក់ថា បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ធនាខេត្តព្រះសីហនុ គឺមានស្ថានភាពល្អប្រសើរដែលលោកបានចាត់ទុកជាទីតាំងដ៏ល្អមួយក្នុងតំបន់សម្រាប់រៀបចំការរត់ចម្ងាយឆ្ងាយ ប៉ុន្តែអ្វីដែលជាឧសបគ្គ គឺខេត្តព្រះសីហនុមិនទាន់មានដំណើរភ្ជាប់សម្រាប់ការធ្វើដំណើរតាមយន្ដហោះផ្ទាល់ ដូច្នេះ គណៈកម្មការរៀបចំ កំពុងធ្វើការងារជាមួយស្ថាប័នអន្ដរជាតិដើម្បីគៀងគរឲ្យមានការចូលរួមពីភ្ញៀវបរទេសកាន់តែច្រើនដូចទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ ដែលមានអ្នកចូលរួមជាង ១ម៉ឺននាក់នាថ្ងៃខាងមុខដែរ។ 
 
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានអ្នកចុះឈ្មោះជាង ១ពាន់នាក់ហើយក្នុងនោះមានជនបរទេសជាង ២០០នាក់មកពី ២៨ប្រទេសលើពិភពលោក ប៉ុន្តែការចុះឈ្មោះនឹងបន្ដទទួលពាក្យ រហូតដល់មុនកម្មវិធីចាប់ផ្ដើម១សប្ដាហ៍ ដូច្នេះទម្រាំងដល់ថ្ងៃប្រកួត NOCC រំពឹងថានឹងមានអ្នកចូលរួមលើសពី ២ពាន់នាក់ តែចំនួននេះបើធៀបនឹង ៦ឆ្នាំកន្លងមកគឺមានកំណើនបន្ដិចបន្តួចប៉ុណ្ណោះដោយសារមធ្យោបាយធ្វើដំណើរពិសេសការធ្វើដំណើរតាមយន្ដហោះផ្ទាល់ទៅក្រុងព្រះសីហនុមិនទាន់ឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវបរទេសនៅឡើយ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់