ក្រុមហ៊ុន Toyota គ្រោងចាប់ដៃគូជាមួយ NOCC ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

នូ មករា February 23, 2018


ភ្នំពេញ៖ កាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះ ប្រធានក្រុមហ៊ុន Toyota ប្រចាំកម្ពុជា លោក Hiroyuki Itoh បានបើកកិច្ចប្រជុំពិក្សាមួយនឹង ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្នុងភាពជាដៃគូឧបត្ថម្ភកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយ ឯកឧត្ដម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា វាជាពេលដ៏ល្អបំផុតសម្រាប់កីឡាកម្ពុជាដែលទទួលបានការគាំទ្រផ្នែកសម្ភារៈលើកដំបូងពីក្រុមហ៊ុនធំបែបនេះហើយការគាំទ្ររបស់ Toyota លើគម្រោង NOCC នឹងជួយដល់ការផ្សព្វផ្សាយ ចលនា គុណតម្លៃ និង គោលការណ៍របស់អូឡាំពិក។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះក្រុមហ៊ុនបានយល់លើការព្រមព្រៀងមួយចំនួនដូចជា ដាក់ស្លាកក្រុមហ៊ុន Toyota លើរថយន្តរបស់ NOCC និងគាំទ្រលើកម្មវិធីអភិវឌ្ឍន៍កីឡាករថ្នាលលើប្រភេទកីឡាអូឡាំពិក និងកីឡាមានសក្ដានុពលមួយចំនួន។ ក្នុងនោះក្រុមហ៊ុន Toyota នឹងផ្ដល់រថយន្តសម្រាប់ជាមធ្យោបាយធ្វើដំណើរដល់គណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមផងដែរ ។ លោក Itoh ប្រធានក្រុមហ៊ុន Toyota ប្រចាំកម្ពុជាបានសាទរចំពោះកិច្ចផ្ដួចផ្ដើមរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ហើយក្រុមហ៊ុនមានការតាំងចិត្តខ្ពស់ក្នុងគោលបំណងគាំទ្រ NOCC សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំ២០២០ និងកីឡាស៊ីហ្គេម២០២៣ នៅកម្ពុជា។

ជាមួយគ្នានេះដែរទីប្រឹក្សា NOCC លោក Ken Gadaffi ក៏បានថ្លែងដែរថា នេះជាជំហានធំដំបូងដែលសម្រេចចំពោះសកម្មភាពដែលគាំទ្រដោយ IOC និងទទួលបានការគាំទ្រដ៏ធំបែបនេះ។ Toyoto នឹងជំរុញឲ្យមានការប្រកួតរឹតតែខ្លាំងចំពោះកីឡាទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថា Toyota ទទួលបានសិទ្ធិឧបត្ថម្ភដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC តាំងពីដើមឆ្នាំ២០១៧ មកម្ល៉េះនឹងគាំទ្រដល់ចលនាអូឡាំពិកទាំងមូលតាមរយៈថវិកា និងការផ្សព្វផ្សាយជាសកលរហូតទៅដល់ឆ្នាំ២០២៤ផងដែរ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់