លោក ទេព រិទ្ធីវិទ្ធ ត្រូវបាន ATF តែងតាំងជាប្រធានអភិវឌ្ឍន៍កីឡាវាយកូនបាល់យុវជននៅទ្វីបអាស៊ី

នូ មករា February 23, 2018


ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនកម្ពុជា ត្រូវបានសហព័ន្ធកីឡាវាយកូនបាល់ទាត់ទ្វីបអាស៊ី (ATF) តែងតាំងជាប្រធានអភិវឌ្ឍន៍កីឡាវាយកូនបាល់យុវជនប្រចាំអាស៊ី (ATF Junior) និងជាគណៈកម្មាធិការចំណាត់ថ្នាក់ដើម្បីត្រួតពិនិត្យការអភិវឌ្ឍយុវជនថ្នាលនៅក្នុងទ្វីបអាស៊ី ។ នេះបើតាមប្រភពពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC។
  
លោក ទេព រិទ្ធីវិទ្ធ បានឱ្យដឹងថា៖«វាជាទំនួលខុសត្រូវ និងជាកិត្តិយសសម្រាប់ខ្ញុំ ដើម្បីនាំមកនូវការអភិវឌ្ឍយុវជនថ្នាលក្នុងតំបន់អាស៊ី និងបង្កើតកម្មវិធីឲ្យកីឡាករមានគុណភាពក្នុងគោលដៅប្រកួតប្រជែងក្នុងតំបន់អឺរ៉ុប ហើយកេរ្តិ៍ឈ្មោះដែលកីឡាវាយកូនបាល់កម្ពុជាទទួលបានកាលពីឆ្នាំមុន ពិតជាសំខាន់ណាស់ចំពោះគ្រួសារកីឡាវាយកូនបាល់កម្ពុជា ។ ដើម្បីឆ្លើយតបការជឿជាក់របស់ ATF លោកសន្យារួមចំណែកឲ្យកីឡាវាយកូនបាល់អាស៊ីមានមោទកភាព»។ លោកបានប្តេជ្ញាថានឹងព្យាយាមតភ្ជាប់សមាជិកដែលទន់ខ្សោយទៅរកភាពខ្លាំងក្លានាថ្ងៃមុខ និងកាន់តែនាំឲ្យកីឡាករមានគុណភាពនៅក្នុងតំបន់។
ជាមួយគ្នានេះដែរ ប្រធាន ATF សញ្ជាតិឥណ្ឌា លោក Anil Khanna បានបង្ហើបថា៖ «កីឡាវាយកូនបាល់កម្ពុជាគួរឲ្យចាប់អារម្មណ៍ព្រោះទទួលបានជោគជ័យហូរហែលើកម្មវិធីអភិវឌ្ឍន៍យុវជន។ ចំណែកប្រធានក្រុមប្រឹក្សា ATF លោក Nasser Al Khelaifi ក៏បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា ការទទួលពានកិត្តិយសពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិដល់ការអភិវឌ្ឍន៍យុវជននៅកម្ពុជាជាភស្តុតាងរីកចម្រើនទៅថ្ងៃមុខ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់