កីឡាអុកចត្រង្គត្រៀមខ្លួនអង្រួនព្រឹត្តិការណ៍ អង្គរសង្រ្គានឆ្នាំ២០១៥

គឹមហុក March 3, 2015


អុកចត្រង្គ គឺជាប្រភេទកីឡាប្រពៃណីមួយដែលប្រជាជនខ្មែរនិយមចូលចិត្តលេងកម្សាន្ត។ តាំងពីបុរាណមកកីឡាប្រភេទនេះភាគច្រើនត្រូវបាននិយមលេងក្នុងចំណោមអ្នកប្រាជ្ញចេះដឹង រាស្ត្រសាមញ្ញ និងជាពិសេសមេទ័ពតែម្តងដោយសារថាការលេងអុកនេះប្រៀបដូចជាការប្រើប្រាស់ទ័ពក្នុងសមរភូមិដូច្នេះដែរ។ ប៉ុន្តែមកដល់សម័យនេះវិញ កីឡាអុកបានទទួលការពេញនិយមពីសំណាក់មនុស្សគ្រប់មជ្ឈដ្ឋានទូទៅមិនថាក្មេង-ចាស់នោះទេ សូម្បីតែនៅតាមហាងកាហ្វេ ឬហាងកាត់សក់ក៏មានដាក់ក្តារអុកសម្រាប់លេងកំដរកែអផ្សុកផងដែរ។ ជាការពិតណាស់ដើម្បីយកឈ្នះទៅលើគូប្រកួតអ្នកលេងអុកតែងមានបង្កប់ទៅដោយល្បិចកិច្ចកលគ្រប់បែបយ៉ាងដើម្បីដូចនេះវាទាមទារឱ្យពួកគេត្រូវមានប្រាជ្ញាឈ្លាសវៃ ចេះបត់បែនគ្រប់កាលៈទេសៈ និងពិសេសនោះគឺមិនឆេវឆាវ ពោលគឺត្រូវចេះអត់ធ្មត់គ្រប់ស្ថានភាព។ ដោយឃើញពីភាពពេញនិយមក៏ដូចជាដើម្បីថែរក្សានូវប្រពៃណីទំនៀមទម្លាប់របស់កីឡាមួយនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចេញនូវសេចក្តីជូនដំណឹងដល់ សមាគម ព្រមទាំងក្លិបកីឡារបស់ក្រសួង-មន្ទីរ រាជធានី-ខេត្ត និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងមកប្រកួតប្រជែងដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួននោះអាចមកទទួល និងដាក់ពាក្យចូលរួម ប្រកួតបាននៅទីស្នាក់ការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឱ្យបានមុនថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ១១:០០ នាទីព្រឹក។

កីឡាអុកចត្រង្គ

សូមបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គអង្គរសង្រ្កាន្តឆ្នាំ២០១៥ ដើម្បីពានរង្វាន់ «ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី» លើកទី២នេះ គឺជាការរៀបចំរួមគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា រីឯកាលបរិច្ឆេទ និងទីកន្លែងនោះក៏ត្រូវបានបង្ហាញឱ្យដឹងផងដែរពោលគឺត្រូវចាប់ផ្តើមប្រកួតជម្រុះនាថ្ងៃទី ៤ ដល់ទី ៧ ខែមីនា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ និងត្រូវប្រកួតផ្តាច់ព្រ័ត្រនាថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៥ នៅខាងមុខប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបតែម្តង។ ចំពោះរង្វាន់ជ័យលាភីនោះគឺចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់ចំនួន ៣០០០ ដុល្លារសហរដ្ឋអាម៉េរិគ ខណៈចំណាត់ថ្នាក់លេខ២ ទទួលបាន ២០០០ ដុល្លារសហរដ្ឋអាម៉េរិគ និងចំណាត់ថ្នាក់លេខ៣​ ទទួលបានទឹកប្រាក់ ១០០០ ដុល្លារសហរដ្ឋអាម៉េរិគ រីឯចំណាត់ថ្នាក់លេខ៤ ទទួលបានទឹកប្រាក់ ៥០០ ដុល្លារសហរដ្ឋអាម៉េរិគផងដែរ ប៉ុន្តែរង្វាន់ជ័យលាភីនីមួយៗអាចមានការប្រែប្រួលកើនឡើងក្នុងករណីទទួលបានការគាំទ្របន្ថែម។

ដោយឡែកការចាប់ឆ្នោតប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយបេក្ខជនដែលមិនបានមកចាប់ឆ្នោតនឹងត្រូវចាត់ទុកថាបានបោះបង់ការប្រកួត។

គួរបញ្ជាក់ផងដែរថាកាលពីការប្រកួតលើកទី១ នាថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៤កន្លងទៅដែលបានប្រព្រឹត្តធ្វើឡើងនៅឯខេត្តសៀមរាបនោះ ជើងឯកបានទៅលើកីឡាករវ័យក្មេង ឈាវ បូរ៉ា មកពីខេត្តកោះកុង ដែលដណ្តើមបានតំណែងជាស្តេចអុកប្រចាំឆ្នាំជាមួយនឹងរង្វាន់ទឹកប្រាក់ ៤៨០០ ដុល្លារ ហើយចំណាត់ថ្នាក់លេខ២ បានទៅលើលោក គ្រួច ចន្ថារិទ្ធ ដោយទទួលបានទឹកប្រាក់ ៣៣០០ ដុល្លារ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅលើលោក សូ សំភី ជាមួយនឹងទឹកប្រាក់ ១៨០០ ដុល្លារ៕

 

អត្ថបទ៖ បារាំង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត