សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្តល់យុទ្ធសាស្ត្រ ៨ចំណុចធំៗត្រៀមស៊ីហ្គេមឆ្នាំ២០២៣

នូ មករា February 1, 2018


ភ្នំពេញ៖ ក្រោយពីចូលរួមបើកពិធីមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៤-២០១៨ ឈានចូលអាណត្តិថ្មីឆ្នាំ២០១៨-២០២២ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកជោនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ កាលពីព្រឹកមិញនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់យុទ្ធសាស្ត្រធំៗដល់ថ្នាក់ដឹកនាំកីឡា និងអ្នកជំនាញដែលពាក់ព័ន្ធផ្សេងៗទៀតដើម្បីត្រៀមខ្លួនឱ្យទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ។   

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ «ថ្នាក់ដឹកនាំ មន្ដ្រីជំនាញក្នុងគណៈកម្មាធិការជាតិស៊ីហ្គេមទាំងអស់ត្រូវចូលរួមប្រជុំលើកដំបូង និងចូលរួមប្រជុំ ៣ខែម្ដងជាទៀងទាត់។ ទី២-អគ្គលេខាធិការ និងលេខាធិការដ្ឋានត្រូវចាប់ផ្ដើមរៀបចំទីតាំង និងដំណើរការយន្ដការរដ្ឋបាល។ ទី៣-គណៈកម្មការជំនាញទាំងអស់ត្រូវចាប់ផ្ដើមរៀបចំរបៀបរបបការងារ និងផែនការជំនាញរបស់ខ្លួនជាបណ្ដើរៗ។ ទី៤-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមលក្ខណៈរៀបចំកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាលតាមសូរចនាករនីមួយៗដែលមានចែងក្នុងផែនការមេ និងផែនការសកម្មភាពដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធកីឡា ឧបករណ៍សម្ភារៈកីឡា និងការអភិវឌ្ឍន៍ធនធានមនុស្សជំនាញ»។

សម្រាប់ទីយុទ្ធសាស្ត្រដទៃទៀតមានដូចជា៖«៥-ក្រសួងអប់រំ យុវជន និងកីឡា សូមបង្កើតក្រុមការងារចំពោះកិច្ចមួយ ត្រៀមលក្ខណៈសហការណ៍ជាមួយគណៈកម្មាធិការជាតិស៊ីហ្គេមដើម្បីរួមគ្នាពិនិត្យតាមដានវាយតម្លៃ វឌ្ឍនភាព និងការងារក្នុងប្រសិទ្ធភាពកីឡា និងគុណផលកីឡា ពិសេសបំពេញការខ្វះខាតបន្ថែមដល់អត្ដពលិកជាតិ និងសហព័ន្ធកីឡាជាតិ។ ទី៦-សូមកម្លាំងប្រដាប់អាវុធ ទាំងកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិត្រូវពង្រឹង និងកែទម្រង់ឡើងវិញ នៅការដឹកនាំ គ្រប់គ្រងវិស័យកីឡាក្នុងស្ថាប័នអង្គភាពរបស់ខ្លួនដោយសហការជាមួយក្រសួងអប់រំ ពិសេស NOCC និងគ្រប់សហព័ន្ធកីឡាជាតិ ដើម្បីពង្រីកបន្ថែមការហ្វឹកហាត់ជំនាញកីឡាកម្រិតខ្ពស់ដើម្បីបង្កើនគុណផលកីឡាកម្រិតខ្ពស់ចូលរួមការប្រកួតកីឡស៊ីហ្គេមឆ្នាំ២០២៣។ ទី៧-សូមក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមជួយសហការ និងផ្ដល់ភាពងាយស្រួលដល់គណៈកម្មាធិការជាតិស៊ីហ្គេម ក្នុងករណីចាំបាច់ ដើម្បីបំពេញប្រសិទ្ធភាពការងារ ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ទី៨-សូមអំពាវនាវដល់លោកឧកញ៉ា ក្រុមហ៊ុនឯកជន ចូលរួមគាំទ្រសកម្មភាពក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣»៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់