ថ្នាក់ដឹកនាំគុនដាវ មានជំនឿថា គុនដាវកម្ពុជានឹងមានឱកាសទៅប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០

នូ មករា January 23, 2018


ភ្នំពេញៈ ក្រោយពីឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២ នៅក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវអាស៊ីអាគ្នេយ៍នៅប្រទេសម៉ាឡេស៊ី កាលពីសប្ដាហ៍មុនកន្លងទៅថ្មីៗនោះ លោក សុខ អាង អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនដាវកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា កីឡាមួយប្រភេទនេះនឹងទទួលបានផលល្អនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ខាងមុខ ខណៈដែលនេះគឺជាផែនការមេដំបូងរបស់សហព័ន្ធ ។
នេះគឺជាបេសកកម្មលើកដំបូងនាដើមឆ្នាំ២០១៨ របស់សហព័ន្ធកីឡាគុនដាវកម្ពុជា ដែលនេះគឺជាមេដាយលើកទីដំបូងសម្រាប់សហព័ន្ធផងដែរ។ លោក សុខ អាង បានមានប្រសាសន៍ក្រោយពីត្រលប់ពីប្រទេសម៉ាឡេស៊ីព្រឹកមិញនេះថា៖ «លទ្ធផលឆ្នាំនេះ គឺជាជោគជ័យថ្មីមួយក្នុងគ្រួសារកីឡាគុនដាវកម្ពុជា ដែលទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ ២ ដែលប្រកួតជាមួយនឹងប្រទេសក្នុងតំបន់អាស៊ានខ្លាំងៗចំនួន៧  ខណៈកាលពីឆ្នាំ២០១៧ នៅក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដូចគ្នានេះ ក្រុមអត្តពលិកកម្ពុជាដណ្ដើមបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ»។ តាមរយៈសមិទ្ធិផលនេះដែរ លោករំពឹងថា វិស័យកីឡាគុនដាវកម្ពុជាបានរីកចម្រើនមួយកម្រិតទៀតហើយដើម្បីឈានទៅសម្រេចក្ដីស្រមៃប្រកួតជម្រុះដណ្ដើមកៅអីចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន។
ជាមួយគ្នានេះដែរ កីឡាការិនី ឆាយ លីនលី ម្ចាស់មេដាយប្រាក់១ និងសំរឹទ្ធ១គ្រឿងក្នុងការប្រកួតខាងលើបានបញ្ជាក់ថា មុនដណ្ដើមបានមេដាយរូបគេពិតជាមានអារម្មណ៍ភ័យខ្លាចខ្លាំង ពិសេសសិង្ហបុរី និងម៉ាឡេស៊ី ដែលសុទ្ធតែជាក្រុមខ្លាំង ម្យ៉ាងវិញទៀតនេះគឺជាលើកដំបូងដែលខ្លួនប្រកួតលក្ខណៈអន្ដរជាតិ តែដោយសារការតាំងចិត្ត និងការស្រែកបន្លប់ទើបធ្វើឲ្យនាងព្យាយាមរហូតដណ្ដើមបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាឯកត្តជននារីដាវកាប់ និងមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសាប្រកួតជាក្រុមតែម្ដង៕
អត្ថបទ: ប៉ាវឡុង ជីង

 

មតិយោបល់