គ្រូបង្វឹកវាយកូនឃ្លីលើតុ ៨នាក់ត្រូវបានទទួលស្គាល់ជាអន្តរជាតិ

នូ មករា January 22, 2018


ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២១ ខែមករា ម្សិលមិញនេះ សហព័ន្ធកីឡាវាយកូនឃ្លើលើតុកម្ពុជា ឬហៅថា កីឡាវាយប៉េងប៉ុងនោះ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងចៅក្រមកីឡាវាយកូនឃ្លីលើតុឆ្នាំ២០១៨ បន្ទាប់ពីអាជ្ញាកណ្ដាល៨រូបរបស់កម្ពុជាបានប្រឡងជាប់គ្រូល្អកម្រិតមូលដ្ឋានពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ (ITTF) ក្រោយរៀបចំអស់រយៈពេល ៣ថ្ងៃកន្លងមកនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ។    
អគ្គលេខាធិការស្ដីទីរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោក ប៊ុយ សោភ័ណ្ឌ បានមានប្រសាសន៍ថា៖ «គ្រូបង្វឹក ៨នាក់ដែលបានប្រឡងចៅក្រមកម្រិតមូលដ្ឋាននោះ គឺមានលោក សឹង តុលា, ឃុន ផាន់និត, តេង សំណាង, ជា សុជាតិ, សារៈ ស៊ូព្រីង, ប៊ុន វិសាល, ហង្ស រ៉ាណាស្សា និងលោក ស្លឹក ឡយ »។ លោកបានបង្ហាញក្តីរំពឹងថា ចៅក្រមកម្រិតមូលដ្ឋានទាំងនេះនឹងក្លាយជាធនធានដ៏សំខាន់ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡាវាយកូនឃ្លីលើតុកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ។
លោកបានបន្តទៀតថា៖ «ឆ្នាំនេះសហព័ន្ធនឹងព្យាយាមក្នុងការអភិវឌ្ឍធនធានចៅក្រមកម្ពុជាឲ្យឈានទៅដល់ចៅក្រមកម្រិតអន្ដរជាតិឲ្យបានយ៉ោងហោចណាស់ ២នាក់ ឬ ៣នាក់ ដែលអាចចូលរួមកាត់សេចក្ដីក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ក៏ដូចជាការសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ» ។
គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនេះមានសិក្ខាកាមថ្នាក់ជាតិ ២៥នាក់ចូលរួមដែលបានចាប់ផ្ដើមពីថ្ងៃទី ១៩ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ដោយមាន កញ្ញា Rachel Ramos ជាគ្រូឧទ្ទេស​ ដោយកញ្ញាជាចៅក្រមកម្រិត Blue Badge (កម្រិតខ្ពស់បំផុត) របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ និងបានចូលរួមធ្វើបទបង្ហាញ ក៏ដូចជាចែករំលែកនូវបទពិសោធ ព្រមទាំងផ្សព្វផ្សាយនូវបទបញ្ជាថ្មីៗដល់សិក្ខាកាមកម្ពុជា ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់