រដ្ឋមន្ត្រីក្រសួងអប់រំ៖ ប្រាក់រង្វាន់សម្រាប់ជ័យលាភីឆ្នាំមុនកើនដល់​ ៣លានដុល្លារ

នូ មករា January 19, 2018


ភ្នំពេញ៖ ក្នុងឱកាសប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភីនៃការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ីអាគ្នេយ៍  និងការប្រកួតកីឡានៃបណ្ដាប្រទេសនិយាយាភាសាបារាំងលើកទី៨ នារសៀលថ្ងៃទី១៨ ខែមករា ម្សិលមិញនេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថាការយឺតយ៉ាវនេះគឺមកពីថវិកាបម្រុងទុកមិនគ្រប់គ្រាន់ ឬការចំណាយលើប្រាក់រង្វាន់មានចំនួនលើសពីកញ្ចប់ថវិកាបម្រុងទុករបស់រាជរដ្ឋាភិបាល ។
លោកបានថ្លែងបន្ថែមថា​ សម្រាប់ឆ្នាំ២០១៧ កន្លងមក ថវិកាសម្រាប់ប្រាក់រង្វាន់មានមិនដល់ ១.០០០.០០០ដុល្លារនោះទេ​​ ប៉ុន្តែការចំណាយលើប្រាក់រង្វាន់សរុបកើនរហូតដល់ទៅ ៣.០០០.០០០ដុល្លារឯណោះ ។ លោកបានបន្តថា គ្រាន់តែប្រភេទកីឡាមួយ (វ៉ូវីណាម) នោះរាជរដ្ឋាភិបាលត្រូវចំណាយថវិកាជាង ១.០០០.០០០ដុល្លារទៅហើយ ដូច្នេះហើយទើបប្រភេទកីឡាដទៃទៀតមានការយឺតយ៉ាវបែបនេះ ។
 
ជាមួយគ្នានេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថាការប្រគល់ប្រាក់រង្វាន់លើកនេះមានប្រភេទកីឡាកាយវប្បកម្មដែលទៅចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសម៉ុងហ្គោលីដែលឈ្នះបានមេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធ ១គ្រឿង។ ចំណែកការប្រកួតកីឡាតេក្វាន់ដូ ITF (International Taekwondo Federation) លើកទី២០នៅប្រទេសកូរ៉េខាងជើងដណ្តើមបានមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធ ៤គ្រឿង ។ ចំពោះការប្រកួតកីឡាស៊ូរិនហ្ស៊ិកាំប៉ូជើងឯកពិភពលោកទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ។
 
ដោយឡែកនៅក្នុងការប្រកួតប្រកួតកីឡានៃបណ្ដាប្រទេសនិយាយភាសាបារាំងលើកទី៨ នៅប្រទេសកូដឌីវ័រកីឡាការិនីចំបាប់ ជ័យ ច័ន្ទរស្មីបានមេដាយសំរិទ្ធ ១ គ្រឿង ខណ:ដែលការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីលើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះឈ្នះបានមេដាយមាស ៣ គ្រឿង ប្រាក់១០គ្រឿង និងសំរឹទ្ធ១៧គ្រឿង ។
 
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាប្រាក់រង្វាន់សរុបដែលផ្ដល់ជូនជ័យលាភី និង គ្រូបង្វឹកគឺមានចំនួន ១.៧៤២.៩០០.០០០រៀលឯណោះ ។ លោកបន្តថា ពេលនេះនៅសល់ប្រាក់រង្វាន់ការប្រកួតប៉េតង់ជើងឯកពិភពលោកលើកទី១៦នៅប្រទេសចិនដែលកម្ពុជាដណ្ដើមបានមេដាយមាស ១គ្រឿង និងសំរឹទ្ធ ២គ្រឿង នោះនៅមិនទាន់បានប្រគល់នៅឡើយទេ ហើយចំនួនប្រាក់រង្វាន់ដែលត្រូវប្រគល់នោះមានចំនួន ៤៩៦.០០០.០០០រៀល ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់