ម្សិលមិញនេះ រាជរដ្ឋាភិបាលបានប្រគល់ប្រាក់រង្វាន់ដល់ម្ចាស់មេដាយអាស៊ានប៉ារ៉ាហ្គេមលើកទី៩

នូ មករា January 5, 2018


ភ្នំពេញ៖ បន្ទាប់ពីប្រឹងប្រែងដណ្ដើមយកមេដាយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ កន្លងទៅនោះ រដ្ឋាភិបាលកម្ពុជាបានកោះហៅក្រុមកីឡាជនពិការដែលជាម្ចាស់ជ័យលាភីមកទទួលប្រាក់រង្វាន់នៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញនេះ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា លោក យី វាសនា បានមានប្រសាសន៍ឱ្យដឹងថា៖ «ការប្រកួតនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ ២០១៧នោះ កម្ពុជាយើងបានបញ្ជូនអត្តពលិកជនពិការទៅ ១០ប្រភេទកីឡា តែមានតែ ៣ប្រភេទកីឡាប៉ុណ្ណោះ ដែលទទួលបានមេដាយគឺ កីឡាអត្តពលកម្ម បាល់ទះអង្គុយ និងកីឡាហែលទឹក ហើយមេដាយដែលទទួលបានសរុបចំនួនប្រាក់ ៥គ្រឿង និងសំរឹទ្ធ ៥គ្រឿង»។

លោកបានបន្តថា៖ «មុននឹងចេញទៅប្រកួត ក្រុមកីឡាករ-កីឡាការិនីជនពិការបានធ្វើការហ្វឹកហាត់ក្រោមការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ហើយពេលមុនប្រកួតសម្តេចតេជោក៏បានឧបត្ថម្ភបន្ថែមទៀត ទាំងការសុំសិទ្ធិប្រកួត សំបុត្រយន្តហោះ ការស្នាក់នៅ អាហារ ប្រាក់ហៅប៉ៅ និងចំណាយផ្សេងអស់ប្រមាណ ៥០៥០០ដុល្លារ»។

ជាមួយគ្នានេះដែរ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៅកាន់អត្តពលិកផងដែរថា៖ «កីឡាករ កីឡាការិនីជនពិការកម្ពុជាពិតជាមានសក្តានុពលខ្លាំងមិនចាញ់ប្រទេសនៅក្នុងតំបន់នោះទេ ពេលចេញទៅប្រកួតលើឆាកអន្តរជាតិម្តងៗ ពេលទៅមានចំនួនអត្តពលិកតិចតែនាំយកមេដាយមកវិញ គឺចំនួនច្រើនមកជូនកម្ពុជា ។ ដូច្នេះ រាជរដ្ឋាភិបាលបានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ជ័យលាភីមេដាយប្រាក់ក្នុង១គ្រឿងទទួលបាន ៣០លានរៀល ចំណែកឯមេដាយសំរឹទ្ធក្នុង១គ្រឿងទទួលបាន ១៦លានរៀល»។ លោកបន្ថែមថា៖ «កីឡាករជនពិការមានឱកាសចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ និងទទួលបានលទ្ធផលជោគជ័យមកជូនកម្ពុជាជាបន្តបន្ទាប់នេះ ក៏ដោយសារមានការយកចិត្តទុកដាក់ទំនុកបម្រុងលើកទឹកចិត្តគ្រប់ពេលវេលាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»៕

អត្ថបទ៖​ ប៉ាវឡុង ជីង

មតិយោបល់