២៧ប្រភេទកីឡានឹងចូលរួមប្រកួតកីឡាជាតិលើកទី២ នៅឆ្នាំនេះ

នូ មករា January 5, 2018


ភ្នំពេញ៖ ដើម្បីសម្រួចផែនការនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ដែលគ្រោងធ្វើនាចុងខែឧសភា ខាងមុខនោះក្រសួងអប់រំយុវជន និងកីឡា បានធ្វើការកោះហៅបណ្ដាសព័ន្ធកីឡាជាតិ ដាក់ត្រៀមខ្លួនប្រកួតចំនួន ២៧ប្រភេទកីឡាមកប្រជុំដោះស្រាយបញ្ហាដែលរាំងស្ទះមួយចំនួន មុនការប្រកួតចូលមកដល់ ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «សម្រាប់ការប្រកួតឆ្នាំនេះយើងនឹងរៀបចំឲ្យល្អប្រសើរជាងឆ្នាំមុនដោយយើងរៀបចំព្រឹត្តិការណ៍ប្លែកៗជាច្រើនក្នុងនោះគណៈកម្មការប្រកួតបានសម្រេចចិត្តយករូបសត្វព្រាប “ស” ធ្វើជានិម្មិតរូបនៃការប្រកួត»។

ជាមួយគ្នានេះផងដែរ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា ក៏បានមានប្រសាសន៍ថា ការប្រកួតរៀបចំការប្រកួតកីឡាជាតិលើកទី២មានរហូតដល់ ២៧ប្រភេទ ដូច្នេះក្រុមគណៈកម្មការត្រូវជ្រើសរើសយកទីលាន ៤ខេត្តរាជធានី គឺរាជធានីភ្នំពេញ ខេត្តកែប កំពត និងខេត្តកំពង់ធំ ចំពោះកីឡា ២៧ ប្រភេទកីឡាដែលត្រូវដាក់បញ្ចូលរួមមានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយសី វាយកូនបាល់ វាយកូនឃ្លីលើតុ ចំបាប់ តេក្វាន់ដូ W.T.F (World Taekwondo Federation) របស់កូរ៉េខាងត្បូង  ហែលទឹក ល្បុក្កតោ កាយសម្ព័ន្ធ ប្រដាល់សាកល ហ្សូរិនជីកាំប៉ូ តេក្វាន់ដូ I.T.F (International Taekwondo Federation) របស់កូរេខាងជើង ការ៉ាតេដូ ប្រដាល់គុនខ្មែរ យូដូ ទ្រីយ៉ាត្លុង សូហ្វតិន្នីស បេស្បល ប្រណាំងកង់ សីដក់ កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់