កីឡាកាយសម្ព័ន្ធទទួលបានជោគជ័យ ៦០% និងទទួលបានសមិទ្ធិផល ៤ធំៗ នាឆ្នាំ២០១៧

នូ មករា January 5, 2018


ភ្នំពេញ៖ ក្នុងដំណើរទៅកាន់ភាពជោគជ័យក្នុងមួយឆ្នាំៗសម្រាប់ឆ្ពោះទៅរកមេដាយនៅស៊ីហ្គេម នាឆ្នាំ២០២៣នោះ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រឹងប្រែងដឹកនាំមន្ត្រី និងអត្តពលិករបស់ខ្លួនតាមអនុសាសន៍របស់ ឯកឧត្តម ថោង ខុន ប្រធានសហព័ន្ធឱ្យទទួលបានការរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសគឺក្នុងឆ្នាំ ២០១៧កន្លងមកសហព័ន្ធទទួលជោគជ័យរហូតទៅដល់ ៦០ភាគរយ និងទទួលបានសមិទ្ធិផលធំៗរហូតទៅសល់ ៤ចំណុចទៀតផងសម្រាប់ធ្វើការអភិវឌ្ឍកីឡាកាយសម្ព័ន្ធជាបន្តទៀត ។

លោក ណយ ផាណា បានផ្ដល់បទសំភាសន៍កាលពីល្ងាចម្សិលមិញនេះថា៖ «៦០ភាគរយ នេះជាជោគជ័យដ៏ធំរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បើទោះបីយើងធ្វើមិនបានរហូតទៅ ដល់១០០ភាគរយ ក៏ដោយ តែយើងអាចធ្វើសម្រេចតាមផែនការមេរបស់សហព័ន្ធគឺជោគជ័យសន្សឹមៗ ពី៥០ភាគរយ ទៅ ៧០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនឹងឈានដល់ ១០០ភាគរយនៅឆ្នាំ២០២៣ តែម្ដង»។ លោកបន្តទៀតថា៖ «ចំណែកឯសមិទ្ធិផលធំៗចំនួន៤ ដែលសហព័ន្ធទទួលបាននោះ គឺទី១មាន៖ សហព័ន្ធទទួលបានការទម្លាក់កញ្ចប់ថវិកាពីក្រសួងអប់រំយុវជន និងកីឡាដើម្បីធ្វើសកម្មភាពកីឡាផ្ទាល់ គឺបានន័យថា សហព័ន្ធត្រូវរៀនធ្វើដោយខ្លួនឯងមុនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទាំងការរៀបចំការប្រកួត, ការចេញទៅសិក្សានៅក្រៅប្រទេស, ការហ្វឹកហាត់នៅក្រៅប្រទេស និងការចូលរួមប្រជុំជាលក្ខណៈអន្តរជាតិ ហើយបើទោះបីថវិការរបស់ក្រសួងវាមិនគ្រប់គ្រាន់ ក្នុងការចំណាយក៏ដោយ តែវាក៏ជាទុនមួយដ៏ល្អសម្រាប់សហព័ន្ធឆ្ពោះទៅរកមេដាយស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ ។ ជាមួយនឹងការទទួលបានថវិការពីក្រសួងនោះយើងបានបើកវគ្គសិក្សា ២វគ្គដែរ ដោយក្នុងនោះវគ្គទី១គឺ វគ្គចៅក្រមថ្នាក់ជាតិយើងរៀបចំមុនគេរយៈពេល៣ថ្ងៃ និងទី២ វគ្គមូលដ្ឋានជំនាញកម្រិត១ ដែលទាំងនេះបានបង្ហាញឱ្យយើងដឹងថាសហព័ន្ធអាចដើរទៅមុខដល់កម្រិតណារីកចម្រើនដល់កម្រិតណា?»។

លោកបានបន្ថែមថា៖ «ចំនុចទី២ គឺសហព័ន្ធទទួលបានការឧបត្ថម្ភថ្មី១ពីស្ថានទូតចិនប្រចាំនៅកម្ពុជាក្រោមការទំនាក់ទំនងយ៉ាងល្អ ជាមួយនឹងឯកឧត្តម ថោង ខុន ប្រធានសហព័ន្ធនូវសម្ភារៈហ្វឹកហាត់ចំនួន ៦ប្រភេទដល់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដោយក្នុងនោះមាន របាស្រប(Parallel Bars)មួយសម្រាប់, របានឹង(Horizontal Bar) មួយសម្រាប់, របានឹងទាប (High-Low Bars) មួយសម្រាប់, ឧបករណ៍សេះលោត (Vaulting Horse) មួយសម្រាប់, ពូក(Saddle) មួយសម្រាប់ និងឧបករណ៍កង (Swinging Rings) មួយសម្រាប់ ខណៈដែលតម្លៃវិញ មិនតិចជាងម៉ឺនដុល្លារឡើយ ហើយនេះមិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរដែលប្រទេសចិនបានផ្ដល់សម្ភារៈហ្វឹកហាត់ និង ទទួលយកកីឡាករ-កីឡាការិនីកម្ពុជាឲ្យទៅហ្វឹកហាត់នោះ, ទី៣ យើងទទួលបានការអនុញ្ញាតពីសហព័ន្ធកីឡាកាយសម្ព័ន្ធចិនដើម្បីបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់រយៈពេលខ្លី (៣ខែ)នៅប្រទេសចិន និងសមិទ្ធិផលធំ, ទី៤ គឺការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដែលធ្វើកាលពីខែវិច្ឆិកាកន្លងទៅនោះ និងបានបញ្ចប់ប្រកបដោយភាពជោគជ័យ ដោយក្នុងនោះយើងបានបង្កើតនូវប្រាក់រង្វាន់(ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត) បានច្រើនដល់អត្តពលិក ដែលពីមុនមក សហព័ន្ធធ្វើជើងឯកបានតែម្នាក់ ១៥ម៉ឺនរៀល តែប៉ុណ្ណោះតែពេលនេះ យើងបានកើនឡើងប្រាក់រង្វាន់លេខ១ ទទួលបាន ៣០ម៉ឺន រីឯលេខ២ ទទួលបាន២៤ម៉ឺន និងលេខ៣ ទទួលបាន១៦ម៉ឺនរៀល»។

លោកបានបញ្ជាក់ថា៖ «អ្វីដែលសំខាន់នោះ ឯកឧត្តម ថោង ខុន បានដាក់ថវិកាបន្ថែម ៨ពាន់ដុល្លារសម្រាប់ការធ្វើជើងឯកថ្នាក់ជាតិនេះឱ្យទទួលបានជោគជ័យទៀតផង! ជារួមសមិទ្ធិផលធំៗទាំង៤នេះបានធ្វើឱ្យខ្ញុំសម្លឹងឃើញនូវមេដាយនៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ បាន១០០ភាគរយ ប៉ុន្តែខ្ញុំមិនហ៊ានសន្និដ្ឋានថានឹងអាចយកមេដាយបាននៅក្នុងកម្រិតណានោះទេគ្រាន់តែច្បាស់ថាសហព័ន្ធកីឡាកាយសម្ព័ន្ធនឹងរកមេដាយបាននៅឆ្នាំ២០២៣» ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់