៥០ក្រុមប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទនៅកោះពេជ្រ

នូ មករា January 5, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងពិព័រណ៌កងទ័ព នឹងចាប់ផ្ដើមប្រកួតជាលើកទី២ នៅមជ្ឈមណ្ឌាលកម្សាន្ដកោះពេជ្រ នារាជធានីភ្នំពេញ ដោយមានរយៈពេល៣ថ្ងៃ ពោលគឺពីថ្ងៃទី០៥ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ខណៈដែលអ្នកចូលរួមមានការកើនឡើងជាង ២០ក្រុម។

មន្ត្រីរៀបចំការប្រកួត លោក ជាតិ ប៉ូលីន បានឲ្យដឹងថា៖ «ឆ្នាំ២០១៨ នេះគឺជាឆ្នាំដ៏ល្អមួយដោយយើងបានទទួលពាក្យពីក្រុមយុវជនច្រើនជាងមុនសឹងពាក់កណ្ដាលពោលគឺឆ្នាំ២០១៧ មានក្រុមចូលរួមចំនួន ៣២ក្រុម តែឆ្នាំ២០១៨នេះ មានរហូតទៅដល់ ៥០ក្រុមឯណោះ រីឯសម្រាប់វិញ្ញាសាប្រកួតវិញ គឺបែងចែកជា ២ប្រភេទ ដែលមាន ៣វិញ្ញាសាដូចគ្នា ក្នុងប្រភេទទី១ គឺត្រូវរត់កម្មង់ដូរ ៤គីឡូម៉ែត្រ សែងប្រង់ការទម្ងន់ ៥០គីឡូចម្ងាយ ២គីឡូម៉ែត្រ និងទី៣ ការឆ្លងឧបសគ្គជាសមូហភាពដោយមានការចូលរួមទាំងយោធា និងមហាជន ។ ចំណែកប្រភេទទី២ គឺរត់កម្មង់ដូរ ៣គីឡូម៉ែត្រ សែងប្រង់ការទម្ងន់ ៥០គីឡូចម្ងាយ ១គីឡូម៉ែត្រ និងទី៣ ការឆ្លងឧបសគ្គជាសមូហភាព ប៉ុន្ដែជាប្រភេទកីឡាសម្រាប់មហាជនចូលរួមសុទ្ធសាធតែម្ដង »។

លោកបានបន្តថា៖ «ការប្រកួតនេះ នឹងបញ្ជាក់ឲ្យមហាជនបានដឹងយល់ពីការលេងកីឡាកងទ័ពកាន់តែច្បាស់ ជាមួយនឹងប្រភេទកីឡា ដែលមានការហ្វឹកហាត់ខ្លាំងខុសពីកីឡាធម្មតា តែអ្វីដែលសំខាន់នៃកីឡាយោធា គឺជាកីឡាលេងជាក្រុម បើទោះបីមានឧបសគ្គលំបាកយ៉ាងណា ក៏សមាជិកក្រុមត្រូវជួយគ្នា ដើម្បីឈានទៅដល់គោលដៅរួមគ្នាផងដែរ»។

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះរៀបចំឡើងដើម្បីអបអរសាទរទិវាថ្ងៃជ័យជម្នះ ៧-មករា ឆ្នាំ២៩៧៩-ឆ្នាំ២០១៨ និងប្រមូលមូលនិធិគាំទ្រសមាគមអតីតយុទ្ធជន ដែលបានតស៊ូរំដោះជាតិ ពិសេសគឺធ្វើឲ្យទំនាក់ទំនងរវាងយោធា និងប្រជាពលរដ្ឋធម្មតាកាន់តែស្និតស្នាល ហើយយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិជាដើម ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់