ប្រកួតហែលទឹកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នឹងធ្វើនៅសប្តាហ៍ក្រោយ

នូ មករា January 4, 2018


ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសជាផ្លូវការហើយនូវកាលបរិច្ឆេទនៃការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់តេជោ ហ៊ុន សែន លើកទី៣ ឆ្នាំ២០១៨ នេះ ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា លោក ស៊ុន ចាន់ថុល ដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានឯកភាពឱ្យធ្វើការប្រកួតរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១២ និងទី១៣ ខែមករាដោយប្រកួតនៅអាងហែលទឹកតេជោ សែន នាខេត្តកំពង់ចាម។
 
សូមបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយរបស់សហព័ន្ធ និងជាការរៀបចំលើកទី៣ហើយ ដោយនៅក្នុងការប្រកួតនេះ គឺបែងចែកតាមកម្រិតអាយុ របស់កីឡាករ-កីឡាការិនី ដែលចែកចេញជា៤កម្រិតរួមមាន៖ កម្រិតទី១ កុមារា -កុមារី ដែលមានអាយុក្រោម១៣ឆ្នាំគិតត្រឹមថ្ងៃប្រកួត, កម្រិតទី២ កុមារា-កុមារីដែលមានអាយុក្រោម១៨ ឆ្នាំគិតត្រឹមថ្ងៃប្រកួត, កម្រិតទី៤ ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ និងកម្រិតទី៤ ក្រុមកីឡាករ-កីឡាការិនីជនពិការ ។
 
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះសហព័ន្ធខ្មែរកីឡាហែលទឹកបានផ្ដោតជាសំខាន់ទៅលើការប្រកួតសម្រាប់អត្តពលិកវ័យក្មេងពិសេសកុមារា និងកុមារីតែម្ដងក្នុងគោលដៅដើម្បីស្វែងរកធនធានវ័យក្មេងឆ្ពោះទៅកាន់ក្រុមជម្រើសជាតិនាពេលអនាគត ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់